(ញូវដេលី)៖ នៅក្នុងស្ថានភាពសេដ្ឋកិច្ចកាន់តែស្មុគស្មាញ និងភូមិសាស្ត្រនយោបាយរវាងឥណ្ឌា និងចិន ក្រុមហ៊ុន ByteDance ត្រូវបាន គេ រាយការណ៍មកថា បាននិងកំពុងតែស្វែងរកឱកាសលក់ទ្រព្យសកម្ម (Assets) របស់ TikTok នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ បាន លាក់ ជាការសម្ងាត់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ ByteDance កំពុង តែ ពិភាក្សាជាមួយនឹងក្រុមហ៊ុនឥណ្ឌាមួយចំនួននៅក្នុងប្រទេស ដើម្បីលក់ ទ្រព្បសកម្មរបស់ TikTok នៅឥណ្ឌា ដែលការលក់នេះត្រូវបាន ធ្វើ ក្រោយពេលរដ្ឋាភិបាលឥណ្ឌាប្រកាសហាមឃាត់កម្មវិធីចិនជាច្រើន ដោយរួមមាន TikTok ផងដែរ។

កាលពីដើមខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រកាសបិទរាល់ប្រតិបត្តិការទាំងអស់ នៅក្នុងប្រទេសឥណ្ឌា និងបានប្រកាសកាត់បន្ថយបុគ្គលិកថែមទៀតផង ពោលគឺដកខ្លួនចេញពីប្រទេសឥណ្ឌា ដូច្នេះហើយទើបត្រូវ លក់ទ្រព្យ សម្បត្តិដែលនៅសល់ ឱ្យទៅក្រុមហ៊ុនក្នុងស្រុក។

ដោយផ្នែកទៅលើ ច្បាប់នៃប្រទេសទាំងពីរ ការលក់ទ្រព្បសកម្មរបស់ TikTok អាចនឹងជួបបញ្ហាលំបាកបន្តិច បើសិនជាគ្មានក្រុមហ៊ុនធំណា មួយចេញមុខ ព្រោះតែរដ្ឋាភិបាលឥណ្ឌាបានរឹងត្បិតទៅលើ ការប្រើប្រាស់បច្ចេកវិទ្យាចិន ចំណែករដ្ឋាភិបាលចិនបានចេញច្បាប់ថ្មី ដោយ កំណត់ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ដែលរកស៊ីក្រៅស្រុកមិននឹងធ្វើអ្វីមួយត្រូវឆ្លងកាត់ការយល់ព្រម និងឯកភាពពីរដ្ឋាភិបាលចិន ដែលច្បាប់ នេះ ត្រូវបានដាក់ចេញក្រោយពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យក្រុមហ៊ុន TikTok លក់អាជីវកម្ម ឱ្យទៅក្រុមហ៊ុនអាមេរិក។

យោងតាមប្រភពជាច្រើនបានលើកឡើងថា ក្រុមហ៊ុនយក្ស SoftBank Group Corp កំពុងតែចាប់អារម្មណ៍ក្នុងការទិញទ្រព្យសកម្មរបស់ TikTok នៅក្នុងប្រទេសឥណ្ឌា ហើយក៏ប្រហែលជាមានតែ SoftBank Group Corp មួយផងដែរ ដែលអាចទិញបាន ព្រោះក្រុមហ៊ុនជប៉ុន មួយនេះមានឥទ្ធិពលខ្លាំង។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ TikTok នៅក្នុងប្រទេសឥណ្ឌាមាន ២០០លាននាក់ គឺជាចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅទូទាំងពិភពលោក ខណៈដែលនៅអាមេរិកមានត្រឹមតែ ១០០លាននាក់ប៉ុណ្ណោះ៕