(ភ្នំពេញ)៖ ការមានផ្ទៃពោះ ជាអំឡុងពេលដែលមានបម្រែបម្រួលអរម៉ូនជាច្រើន ដែលអាចធ្វើឱ្យមានការធ្លាក់សរ មានបរិមាណច្រើនជាងធម្មតា។

ផ្ទុយទៅវិញ ការមានផ្ទៃពោះ ជំរុញឱ្យមានការកកើតឡើងនៃការរលាកទ្វារមាសដោយសារមេរោគផ្សិត ដែលត្រូវធ្វើការយកចិត្តទុកដាក់ព្យាបាល ព្រោះវាអាចបណ្តាលឱ្យ មានការបង្ករោគនៅផ្នែកខាងក្រោមនៃថង់កូន ដែលអាចឈានដល់«ការបែកស្រោមទឹកភ្លោះមុនកំណត់»។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិតឯកទេសសម្ភព ហេង រិទ្ធិសុបញ្ញា នៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា រោគសញ្ញានៃការធ្លាក់សរដោយសារមេរោគផ្សិត ក្នុងពេលមានផ្ទៃពោះ មានការធ្លាក់សរបរិមាណច្រើនខុសធម្មតា មានសភាពដូចជា៖
កកដុំៗ ខាប់ៗ លាយឡំនឹងការរម៉ាស់ទ្វារមាស ការបត់ជើងតូចមានភាពក្រហាយ ឬឈឺចាប់ ការឈឺផ្នែកខាងក្រោមនៃពោះជាដើម។

ដូច្នេះទាមទារឱ្យអ្នកមានអាការៈរោគបែបនេះ ប្រញាប់ទៅស្វែងរកការប្រឹក្សា និងព្យាបាល ជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្ត្រី ដើម្បីចៀសវាងហានិភយ័ចំពោះកូនក្នុងផ្ទៃ៕