(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន TADA Delivery ជាក្រុមហ៊ុនឈានមុខមួយក្នុងការផ្តល់សេវាកម្មដឹកជញ្ជូននៅកម្ពុជា និងសប្បុរសជនជាដៃគូដូចជាហាងនំខេក Elly Bakery, ក្រុមហ៊ុនសាប៊ូ Lux, ក្រុមហ៊ុន Vaseline និងដៃគូអាជីវករដែលកំពុងប្រើប្រាស់សេវាកម្មដឹកជញ្ជូន TADA Delivery បាននាំយកថវិកា និងសម្ភារមួយចំនួនដូចជា សៀវភៅអាន សៀវភៅសរសេរ សៀវភៅគំនូរ គូល័រ តុក្កតា និងសម្ភារផ្សេងៗជាច្រើនទៀត ដែលទទួលបានពីការផ្សព្វផ្សាយកម្មវិធី «ផ្ញើក្តីស្រលាញ់តាម TADA Delivery» ប្រគល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC)។

នេះដើម្បីចូលរួមចំណែកជាមួយនឹងសកម្មភាពរបស់អង្គការក្នុងការបណ្តុះបណ្តាល កុមារខ្សោយបញ្ញា និងអូទីស្សឹមកម្ពុជា។ ដោយយល់ឃើញពីការលំបាករបស់កុមារអូទីស្សឹម និងដើម្បីជួយកាត់បន្ថយបន្ទុករបស់សង្គម កន្លងមកក្រុមហ៊ុន TADA Delivery បានផ្តួចផ្តើមគំនិតក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះឡើង ក្នុងគោលបំណងចូលរួម និងលើកទឹកចិត្តដល់អង្គការ និងកុមារអូទីស្សឹមរួមនិងក្រុមគ្រួសារ រួមគ្នាជួយបណ្តុះបណ្តាលកុមារ។

ជាពិសេស ដើម្បីឱ្យពួកគាត់មានបំនិនជីវិត និងការអប់រំក៏ដូចជាទទួលបានសិទ្ធិនានាមិនខុសគ្នាពីកុមារទូទៅ ក៏ដូចជាផ្តល់នូវក្តីស្រលាញ់ដល់ពួកគេ ក្នុងឱកាសបុណ្យនៃក្តីស្រលាញ់នេះផងដែរ។
សកម្មភាពនេះ បានជួយជ្រោមជ្រែងដល់និរន្តភាពនៃសកម្មភាពលើគម្រោងរបស់អង្គការនេះ ក្នុងការផ្តល់ក្តីសង្ឃឹម ក្តីស្រលាញ់ និងអនាគតថ្មីដល់កុមារខ្សោយបញ្ញា និងកុមារអូទីស្សឹមជាង១០,០០០នាក់ ដែលមិនទាន់ទទួលបានឱកាសអប់រំ ពីសំណាក់គ្រូបណ្តុះបណ្តាលជំនាញនៅឡើយ។

ក្រុមហ៊ុន TADA ជាក្រុមហ៊ុនដ៏ល្បីមួយ ដែលបានបម្រើសេវាដឹកអ្នកដំណើរនៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ហើយនៅពេលនេះក្រុមហ៊ុន TADAបានពង្រីកវិសាលភាពនៅកម្ពុជា ដោយមិនត្រឹមតែផ្តោតលើការដឹកអ្នកដំណើរប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានពង្រីកសេវាលើការដឹកជញ្ជូនទំនិញរបស់លោកអ្នក ឱ្យទៅដល់គោលដៅប្រកបដោយសុវត្ថិភាព និងសន្សំសំចៃពេលវេលាផងដែរ ។

នេះស្របនឹងស្ថានភាពនៃសង្គមយើងបច្ចុប្បន្ន ដែលអាជីវករកំពុងមានតម្រូវការដឹកជញ្ជូន ដោយសារមានការរីករាលដាលនៃជំងឺកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីសកម្មភាពមនុស្សធម៌នានា ក្រុមហ៊ុន TADA Delivery បានជួយសម្រួលដល់ម្ចាស់អាជីវកម្មនានា ក្នុងការដឹកជញ្ជូនផលិតផលរបស់ពួកគាត់ ទៅដល់ដៃអតិថិជនប្រកបដោយការទទួលខុសត្រូវ និងសេវារហ័សទាន់ចិត្តរួមជាមួយនឹងតម្លៃទាបសមរម្យ ដែលជាការជួយដល់អាជីវករផងដែរក្នុងគ្រាលំបាកនេះ។

ការជួយដល់សង្គមតាមរយៈកម្មវិធីសប្បុរសធម៌ ក៏ដូចជាការជួយដល់អាជីវករតាមរយៈសេវាដឹកជញ្ជូនក្នុងតម្លៃសមរម្យ និងប្រកបដោយទំនុកចិត្តនេះ អាចបង្ហាញថាក្រុមហ៊ុន TADA ពិតគិតគូរពីផលវិជ្ជមាន ដែលក្រុមហ៊ុនរបស់ខ្លួន អាចរួមចំណែកដល់សង្គមកម្ពុជាពិតមែន៕