(បរទេស)៖ របាយការណ៍ថ្មីមួយបានបង្ហាញឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់នាឡិកាដៃវៃឆ្លាត Apple Watch បានកើនឡើងដល់ជាង ១០០លាននាក់នៅជុំវិញពិភពលោក ប៉ុន្តែស្មើនឹង ១០ភាគរយប៉ុណ្ណោះនៃចំនួនអ្នកកំពុងប្រើ iPhone ដែលមានចំនួន ១ពាន់លាននាក់។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុន Apple បានដាក់លក់ Apple Watch ជាផ្លូវការនៅឆ្នាំ២០១៥ ដែលនៅពេលនេះ វាគឺជាផលិតផលមួយដែលមានតម្លៃថ្លៃ ប៉ុន្តែ ក៏ មានអ្នកចាប់អារម្មណ៍ច្រើនផងដែរ ដោយនៅឆ្នាំបន្តបន្ទាប់ តួលេខនៃការលក់បានកើនឡើងជាលំដាប់ ហើយនៅឆ្នាំ២០២០ គឺជាឆ្នាំដែល អាច និយាយបានថា Apple ជោគជ័យបំផុតផងដែរ ព្រោះលក់បានរហូតដល់ ៣០លានគ្រឿង។

យោងតាមទិន្នន័យ និងរបាយការណ៍របស់ស្ថាប័ន Above Avalon បានឱ្យដឹងថា Apple Watch មានការចាប់អារម្មណ៍បំផុតនៅ សហរដ្ឋ អាមេរិក ព្រោះប្រជាជនអាមេរិកចូលចិត្តភាពស៊ីវីល័យ ដោយពួកគេប្រើប្រាស់ Apple Watch ភ្ជាប់ជាមួយនឹង iPhone ដែលគិតជាមធ្យម មានរហូតដល់ ៣៥ភាគរយនៃអ្នកប្រើសរុប៕