(ភ្នំពេញ)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eliel Da Cruz Guardiano បានត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញហើយ ដោយចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោយចាកចេញពីកម្ពុជាបាន ១រដូវកាល បន្ទាប់ពីធ្លាប់ចំណាយពេល ១រដូវកាលជាមួយក្លិបវិសាខា កាលពីឆ្នាំ២០២១៩។

បន្ទាប់ពីត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបប្រកាសជាផ្លូវការ ដើម្បីបញ្ចប់មន្ទិលសង្ស័យអ្នកគាំទ្រ Da Cruz បានសម្ដែងនូវក្ដីរីករាយ ចំពោះការត្រឡប់មកប្រយុទ្ធលើសមរភូមិនវាលស្មៅនៅកម្ពុជាវិញ ពិសេសគឺការផ្ដល់ទំនុកចិត្តពីក្លិបអង្គរថាយហ្គឺរ ហើយគេសង្ឃឹមថា នឹងរួមចំណែកជួយក្រុមទទួលបានលទ្ធផលល្អនារដូវកាលថ្មីទៀតផង។

Da Cruz បន្ដថា «កាលខ្ញុំកំពុងនៅហ្ស៊កដានី ក៏មានក្លិបនៅកម្ពុជាទាក់ទងមកដែរ តែខ្ញុំជ្រើសរើសមកអង្គរថាយហ្គឺរ ហើយខ្ញុំក៏ចង់អរគុណដល់អង្គរថាយហ្គឺរផងដែរ ដែលជឿជាក់ និងផ្ដល់តម្លៃដល់ខ្ញុំ។ គ្រប់គ្នាស្គាល់ខ្ញុំពីមុនមកហើយ តែមុនខ្ញុំមកកាន់កម្ពុជា ខ្ញុំបានតាំងចិត្តនឹងហាត់ក្នុងបន្ទប់រាល់ថ្ងៃ(ពេលធ្វើចត្ដាឡីស័ក ១៤ថ្ងៃ) ពួកគេអាចជឿជាក់លើខ្ញុំ នៅពេលខ្ញុំចូលលេងលើទីលាន ខ្ញុំទៅប្រយុទ្ធគ្រប់ពេល ។ ខ្ញុំមកទីនេះ ដើម្បីជួយមិត្តរួមក្រុម ជួយគ្រប់គ្នា ខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាព និងទាត់បញ្ចូលទី» ។

អតីតសមាជិកក្លិបលីគកំពូលម៉ាឡេស៊ី Perak FA ដដែលបន្ថែមថា «ខ្ញុំសង្ឃឹមដូចកីឡាករដទៃ គ្រប់កីឡាករមានក្ដីស្រម៉ៃក្លាយជាជើងឯក ខ្ញុំក៏មិនខុសគ្នាដែរ ។ ខ្ញុំមកទីនេះ ខ្ញុំនឹងព្យាយាម ខ្ញុំរីករាយនឹងធ្វើវា ខ្ញុំនឹងព្យាយាមជាមួយមិត្តរួមក្រុម ។ យើងអាចប្រជែងយកពាន យើងអាចប្រជែងនៅចំណាត់ថ្នាក់កំពូល រងចាំមើលទាំងគ្នា និងខិតខំប្រឹងប្រែង នៅពេលបញ្ចប់រដូវកាល យើងនឹងឃើញ» ។

គួរបញ្ជាក់ថា Da Cruz គឺជាកីឡាករដ៏មានបទពិសោធជោគជាំ ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងនៅអឺរ៉ុប និងនៅអាស៊ី ។ តែអ្វីដែលអ្នកគាំទ្រកម្ពុជាចាំមិនភ្លេច ពេលតារាជើងស៊ុតរូបនេះ មកលេងឲ្យក្លិបវិសាខា ដោយរូបគេរកបាន ២៥គ្រាប់ ឈរលេខរៀងទី៤ ក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងជួយក្រុមគ្រងជើងឯករង កាលពីឆ្នាំ២០១៩ ។ គេរំពឹងថា ការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធមាឌធំរូបនេះ នឹងបង្កព្យុះភ្លៀងជាថ្មី នារដូវកាលថ្មីខាងមុខ៕