(ភ្នំពេញ)៖ វលិក គឺជាតារាសម្តែងស្រីរូបស្រស់មួយដួង ដែលត្រូវបានមហាជនស្គាល់ច្រើន តាមរយៈសម្តែងក្នុងខ្សែភាពយន្តភាគ ជាពិសេសគឺរឿង «អ្នកទី៣» ដែលចាក់បញ្ចាំងនៅតាមស្ថានីយទូរទស្សន៍។ ដោយសារមានរូបសម្រស់សោភា រួមផ្សំជាមួយអត្តចរិតកាចឆ្នាស់ ស៉ីនឹងសាច់រឿង ដែលអ្នកដឹកនាំចង់បានផងនោះ នាងបានមានឱកាសសម្តែងរឿងជាបន្តបន្ទាប់ ខណៈជីវិតពិត ជាពិសេសជាមួយគូស្នេហ៍ក៏នាងអះអាងថា មានការកាចឆ្នាស់ជាមួយផងដែរ។

កញ្ញា វលិក លើកឡើងបែបនេះ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី តារាសម្តែងស្រីមុខមាំ មានមន្តស្នេហ៍ បានរំឭកពីប្រវត្តិចូលសិល្បៈថា ដំបូងឡើយនាងមិនមែនធ្វើជាតារាសម្តែងទេ ពោលគឺចូលរួមប្រឡង Freshie ជំនាន់ទី១៤ តែមិនទទួលបានជោគជ័យនោះទេ ព្រោះកាលណោះស្របពេលដែលនាងត្រូវឆ្នាំប្រឡង។ ទោះលទ្ធផលបែបនេះក្តី នាងបានប្តេជ្ញាចិត្តថា នាងចូលសិល្បៈឲ្យទាល់តែបាន បន្ទាប់មកក៏បានវិវត្តន៍ខ្លួនទៅធ្វើជាតារាបង្ហាញម៉ូតជាលក្ខណៈឯកជន។

តារាសម្តែងស្រី វលិក បានបន្តថា បំណងប្រាថ្នារបស់នាងស្រាប់តែបានសម្រេច នៅពេលដែលត្រូវបានផលិតកម្មនានា ជ្រើសរើសឲ្យសម្តែងក្នុង MV ចម្រៀង ហើយបន្ទាប់មកក៏ចូលរួមសម្តែងក្នុងខ្សែភាពយន្ត។ ការវិវត្តន៍នេះ ធ្វើឲ្យតួសម្តែងមួយចំនួនមិនពេញចិត្តជាមួយនាងនោះទេ ព្រោះម្ចាស់ជយលាភីក្នុងកម្មវិធី Freshie ដែលនាងបានចូលរួមប្រកួតកាលនោះ មកចូលរួមសម្តែងជាតួអង្គស្មើជាមួយនាង ដែលជាអ្នកចាញ់ ដូច្នេះតួអង្គម្នាក់ទៀតមិនសប្បាយចិត្តនោះឡើយ រហូតដល់មើលមុខគ្នាមិនចំ និងឈ្លោះគ្នាទៀតផង។

នាងថា ពេលសម្តែងភាពយន្តជាមួយតួអង្គរូបនោះ ដែលនៅក្រៅមិនត្រូវគ្នា ហាក់មានការលំបាកមួយចំនួន ជាពិសេសពេលតម្រូវឲ្យសម្តែងជាតួ Best Friend។ តែយ៉ាងនៅតែអាចសម្តែងដោយរលូន ព្រោះជាភារកិច្ចក្នុងនាមជាតារាភាពយន្ត។

ងាកមកខ្សែភាពយន្តដែលនាងធ្លាប់សម្តែងនោះ ត្រូវបាន វលិក បន្តថាសរុបមិនក្រោម១០រឿងនោះទេ ខណៈភាគច្រើនជាតួកាចច្នាស់ ព្រោះតួបែបនេះ គឺសមនឹងអត្តចរិតពិតរបស់នាងតែម្តង។ នាងថា ត្បិតមានចរិតកាចឆ្នាស់បែបនេះ នៅតែមានបុរសៗចង់ចងចំណងស្នេហាជាមួយនាងផងដែរ។

គួរជម្រាបផងដែរថា កញ្ញា វលិក គឺជាតារាសម្តែងនិងជាតារាបង្ហាញម៉ូតម្នាក់ ដែលមានប្រជាប្រិយភាពគួរសមក្នុងពិភពសិល្បៈ ខណៈផលិតករភាពយន្តនានា មានការចាប់អារម្មណ៍នាងជាហូរហែរ ក្នុងការទាក់ទងសម្តែងភាពយន្ត៕