(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធអន្តរជាតិកាបុង Pierre-Emerick Aubameyang បានក្លាយជាកីឡាករទី៣ នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលរកបាន ៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងទិវានៃក្តីស្រឡាញ់ក្នុងជ័យជម្នះ ៤-២ របស់កាំភ្លើងធំ Arsenal ទៅលើក្រុមភ្ញៀវ Leeds United។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

៣គ្រាប់របស់កីឡាករវ័យ ៣១ឆ្នាំខាងលើនេះគឺបានកើតឡើងនៅនាទី១៣ នាទី៤១ ដោយបាល់ប៉េណាល់ទី និងនាទី៤៧ ជាមួយនឹងខ្សែការពារស្លាបស្តាំ Hector Bellerin ក៏រកបាន ១គ្រាប់ដែរនៅនាទី៤៥ នៅមុនពេលក្រុមភ្ញៀវវាយបកបាន ២គ្រាប់វិញក្នុងវគ្គទី២ នៅកីឡដ្ឋាន Emirates នារាត្រីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

Aubameyang ទើបតែរកបាន ៥គ្រាប់ប៉ុណ្ណោះឲ្យ Arsenal ក្នុងយុទ្ធនាការ Premier League រដូវកាល ២០២០-២០២១ ដែលទើបត្រឡប់មកពីមើលម្តាយឈឺ ដែលបានខកខាន ២ទៀតផងកាលពីចុងខែមករាកន្លងទៅ។

អតីតខ្សែប្រយុទ្ធ Borussia Dortmund ដែលត្រូវបាន Arsenal ទិញកាលពីឆ្នាំ២០១៧ មកនោះ រកបាន ២០១គ្រាប់ហើយពីការបង្ហាញខ្លួនសរុប ៣៦៩ប្រកួតបានក្លាយជាកីឡាករទី៩ ដែលរកបានលើសពី ២០០គ្រាប់ក្នុងចំណោមលីគធំៗទាំង៥ នៅតំបន់អឺរ៉ុប និងជាកីឡាករទី៣ បន្ទាប់ពី Michael Owen និង Matt le Tissier ដែលធ្វើបានហែតទ្រីកក្នុងថ្ងៃ Valentine’s Day៕