(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ បានរៀបចំធ្វើសន្និសិទសាព័ត៌មាន ស្តីពីការប្រកួតពានរង្វាន់ PREY VENG PRE.SEASON CUP 2021 ដែលមានការចូលរួមពី លោកសួន សុម៉ាលីន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត រួមទាំងតំណាងក្លឹបទាំង ៤ មាន៖ សមាគមក្លឹបបាល់ទាត់ ខេត្តព្រៃវែង -ក្លឹបបាល់ទាត់ វិសាខា - ក្លឹបបាល់ទាត់ អគ្គិសនីកម្ពុជា - ក្លឹបបាល់ទាត់ គីរីវង់សុខសែនជ័យ។
លោក សួន សុម៉ាលីន បានថ្លែងថា ការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ គឺចង់បង្ហាញអំពីមោទនភាពសម្រាប់ខេត្តព្រៃវែង ដែលត្រូវបានអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះឡើង ហើយបានបំផុស ឲ្យយុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ។
លោក បានបន្តថា ខេត្តព្រៃវែង មានក្លឹបបាល់ទាត់អាជីព និងកីឡដ្ឋានសំរាប់ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ បង្កើនការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដែលមានក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយយើងនឹងបង្កើនគុណភាព និងសមត្ថភាពកីឡាករសំរាប់ការប្រកួតថ្នាក់ជាតិ ព្រមទាំងដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងក្របខ័ណ្ណបើកពូលក្នុងប្រទេសកម្ពុជា និងបង្កើនការសាមគ្គីទំនាក់ទំនងកាន់តែស្និទ្ធស្នាលរវាងក្លឹប និងក្លឹបផងដែរ។
លោក ក៏សង្ឃឹមយ៉ាង មុតមាំថា កម្មវិធីនេះនឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តព្រៃវែង អោយកាន់តែរីកចម្រើន និងបង្កើនការគាំទ្ររបស់អ្នកទស្សនាទូទាំងប្រទេសក៏ដូចជាអ្នកគាំទ្រដែលនៅក្នុងខេត្តព្រៃវែង ផ្ទាល់ ជាពិសេសសង្ឃឹមថាកម្មវិធីនេះនឹងចូលរួមចំណែកដ៏សំខាន់សម្រាប់ការពង្រឹងសមត្ថភាពកីឡាករ និងពង្រឹងការត្រៀមខ្លួនរបស់កីឡាករក្នុងការចូលរួមប្រកួតលើកពូលក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខ។
សូមបញ្ជាក់ថាការប្រកួតបាល់ទាត់នៅខេត្តព្រៃវែង នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៨-២០ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ ហើយក្លឹបបាល់ទាត់ខេត្តព្រៃវែង មានកីឡាករសរុប២៥នាក់គ្រូធំមួយ គ្រូជំនួយ២ និងក្រុមការងារ៥នាក់៕