(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទាត់នារី នៃក្លិបព្រះខ័នរាជស្វាយរៀង បានជម្រះបញ្ជីខេត្តបាត់ដំបងបានវិញ ជាមួយលទ្ធផល ២-១ ក្នុងជំនួបរវាងក្រុមឈរលេខ៣ និងក្រុមឈរលេខ៤ នៅទីលានវិទ្យាល័យនេតយ៉ង ខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃលីគបាល់ទាត់នារី ឆ្នាំ២០២០។

ជំនួបដណ្ដើមកៅអីវគ្គបន្ដនេះ ព្រះខ័នរាជស្វាយរៀងបានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាការិនី ឈិន សាភឿន នៅនាទី៣១ និង ហ៊ិន ស្រីអូន នៅនាទី៦៥។ បន្ទាប់មកទើបកីឡាការិនី ពឿន គន្ធា វាយបកបាន ១គ្រាប់វិញនៅនាទី៦៨។ តែលទ្ធផលនេះ បានរក្សារហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែលជួយឲ្យក្រុមនារីព្រះខ័នរាជស្វាយរៀងសងសឹកបានសម្រេច ដ្បិតធ្លាប់ចាញ់ខេត្តបាត់ដំបងក្នុងដី ៣-៤ កាលពីវគ្គសន្សំពិន្ទុ។

តាមរយៈជ័យជម្នះនេះ គឺគ្រប់គ្រាន់ឲ្យក្រុមនារីស្វាយរៀង បន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមឈរលេខរៀងទី២ គឺក្រុមបាល់ទាត់នារីក្លិបភ្នំពេញក្រោន នារសៀលម៉ោង ៣ថ្ងៃទី២១ ខែកុម្ភៈចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន RSN ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅជួបក្រុមកំពូលតារាង ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែកុម្ភៈខាងមុខនៅពហុកីឡដ្ឋានជាតិ៕