(អាមេរិក)៖ ក្រោយពីពលរដ្ឋចិននាំគ្នាសម្រុកទៅប្រើកម្មវិធីឆាតជាសំឡេង Clubhouse ស្រាប់តែនៅពេលនេះ ធ្លាយព័ត៌មានមកថា ក្រុមហ៊ុន Facebook បាននិងកំពុងតែបង្កើតកម្មវិធីមួយឡើងស្រដៀងគ្នាទៅនឹងកម្មវិធី Clubhouse នេះផងដែរ ពោលគឺអាចនឹងចម្លងយកដូចតែម្ដង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ លោក Mark Zuckerberg បាននិងកំពុងតែប្រើប្រាស់កម្មវិធី Clubhouse និងបានចាប់អារម្មណ៍ ហើយក៏បានបង្កើតគម្រោងមួយ ដោយនៅក្នុងគម្រោង នោះគឺបង្កើត បណ្ដាញសង្គម ឬកម្មវិធីជជែកកម្សាន្តផ្ញើសារ ឬឆាតជាសំឡេងដូចគ្នាទៅនឹង Clubhouse ។

ក្រុមអ្នកវិភាគបានលើកឡើងថា ត្បិតតែលោក Mark Zuckerberg ចាប់អារម្មណ៍ទៅលើគម្រោងនេះមែន ប៉ុន្តែបើតាមទម្លាប់របស់លោកគឺ មិន លួចចម្លងគេទាំងអស់នោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យល្អ និងអស្ចារ្យជាងគេ គ្រាន់តែស្ថិតនៅក្នុងលំនាំតែមួយ។ បើតាមការវិភាគ មុខងារឆាត ជាសំឡេងនេះ អាចនឹងត្រូវដាក់បញ្ចូលទៅក្នុងបណ្ដាញសង្គម Facebook ឬ Instagram ជាមួយនឹងមុខងារថ្មី ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ជាក់ស្ដែងដូចជាមុខងារ Reels ដូចគ្នាទៅនឹង TikTok ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រោយពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងលោក Vlad Tenev នាយកប្រតិបត្តិ ក្រុមហ៊ុន ហិរញ្ញវត្ថុអាមេរិក Robinhood បានធ្វើការចរចាគ្នាគួរឱ្យភ្ញាក់ផ្អើលអំពី Clubhouse ស្រាប់តែពលរដ្ឋចិន យ៉ាងភ្លូកទឹកភ្លូកដី ងាយកទៅប្រើ App មួយនេះ ដោយមូលហេតុចម្បងគឺពួកគេគេចផុសពីការចាប់ពិរុទ្ធ និងតាមដានរបស់រដ្ឋាភិបាលចិន៕