(ប៉ារីស)៖ លោក Mauricio Pochettino អ្នកចាត់ការទូទៅក្លិប Paris Saint-Germain បានថ្លែងថា ក្រុមរបស់លោក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបប្រកួតទល់នឹងម្ចាស់ផ្ទះ FC Barcelona សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយគេហទំព័រកីឡា Live score នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោកថា «យើងត្រូវតែរៀបចំឲ្យរួចរាល់ដើម្បីជួប Barca ក៏ព្រោះតែយើងមានការប្រកួតដ៏សំខាន់នៅថ្ងៃអង្គារដើមសប្តាហ៍នេះ។ ទាំងកីឡាករ និងបច្ចេកទេសសំខាន់ៗត្រូវតែប្រើ បន្ទាប់ពីពួកយើងបានរៀបចំជាច្រើនសប្តាហ៍មកនេះ»

PSG ដែលជាក្រុមការពារតំណែងជើងឯក Ligue 1 បានយកឈ្នះគូប្រជែង Nice ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងលីគកំពូលបារាំងពីការធ្វើបានសម្រេចរបស់កីឡាករ Julian Draxler និង Moise Kean ដែលជាជ័យជម្នះលើកទី៦ ក្នុងចំណោម ៨ប្រកួតគ្រប់កម្មវិធីដែលស្ថិតក្រោមការបង្វឹករបស់លោក Pochettino។

PSG ធ្លាប់មានប្រវត្តិឈឺចាប់ជាមួយ FC Barcelona ម្តងកាលពីឆ្នាំ២០១៧ ជាមួយនឹងការបរាជ័យ ៦-១ នៅទឹកដី Camp Nou នៅពេលពួកគេបានយកឈ្នះ ៤-០ កាលពីជើងទី១ នៃយុទ្ធនាការ UEFA Champions League នេះដូចគ្នា៕