(មីលែន)៖ ខ្សែប្រយុទ្ធ Romelu Lukaku បានរួមចំណែកជួយក្លិប Inter Milan ឡើងឈរកំពូលតារាងលីគ Serie A វិញ ក្រោយស៊ុតបាន ២គ្រាប់ក្នុងជំនួបដែលបានយកឈ្នះក្រុមភ្ញៀវ Lazio ក្នុងលទ្ធផល ៣-១ នៃសប្តាហ៍ទី២២ ជើងទី២។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

២គ្រាប់របស់ Lukaku នៅនាទី២២ និងនាទី៤៥ នេះដែរ ធ្វើឲ្យរូបគេសម្រេចបាន ៣០០គ្រាប់ទាំងក្នុងក្រុមជម្រើសជាតិ និងក្លិបអាជីពគិតចាប់តាំងពីឆ្នាំ២០០៩ មក នៅពេលមិត្តរួមក្រុម Lautaro Martinez រកបាន ១គ្រាប់ផងដែរ និង Milinkovic រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវនៅនាទី៦១។

បច្ចុប្បន្ន Inter Milan មាន ៥០ពិន្ទុឈរនៅកំពូលតារាង Serie A បណ្តោះអាសន្ន រុញ AC Milan មាន ៤៩ពិន្ទុធ្លាក់មកលេខ២ វិញ និងគូប្រជែង Lazio ឈរលេខ៧ មាន ៤០ពិន្ទុ។ Inter ត្រូវប៉ះម្ចាស់ផ្ទះ AC Milan នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនាកីឡដ្ឋាន San Siro នៅពេលពួកគេ (Inter) បានយកឈ្នះ ៤-២ កាលពីជើងទី១៕