(អាមេរិក)៖ លោក Ren Zhengfei បិតាស្ថាបនិកក្រុមហ៊ុន Huawei និងជានាយកប្រតិបត្តិ ទើបតែចេញមុខកាលពីថ្មីៗនេះថា ក្រុមហ៊ុន Huawei គ្មានបំណងលក់អាជីវកម្មទូរស័ព្ទចល័តឡើយ ហើយនៅថ្ងៃនេះផងដែរលោកក៏បានកោតសរសើរក្រុមហ៊ុន Apple ថាជាក្រុមហ៊ុន ល្អ បំផុតដែលបានផលិត iPhone ប្រើបច្ចេកវិទ្យា 5G។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena និង Forbes នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Ren Zhengfei ត្រូវបានគេប្រទះឃើញប្រើ iPhone ដោយនៅក្នុងនោះលោកបានបញ្ជាក់ថា មូលហេតុដែលលោកប្រើគឺ លោក ចង់ដឹងថាប្រព័ន្ធអេកូឡូស៊ីរបស់ iPhone មានសមត្ថភាពខ្លាំងយ៉ាងដូចម្ដេច ខណៈដែល Huawei ក៏ប្រើប្រព័ន្ធអេកូឡូស៊ីដូចគ្នា។

លោក Ren Zhengfei បានថ្លែង «យើង (Huawei និង Apple) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតែពីរគត់ប៉ុណ្ណោះ នៅទូទាំងពិភពលោក ដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធអេកូឡូស៊ីសម្រាប់ផ្នែក Hardware និង Software ដោយខ្លួនឯង»

នាយកប្រតិបត្តិ Huawei រូបនេះ ក៏បានបន្ថែមទៀតថា «ក្រុមហ៊ុន Apple គឺជាគ្រូបង្រៀនរបស់ខ្ញុំ, ខ្ញុំរៀនសូត្រ និងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពីក្រុមហ៊ុនមួយនេះ»។ លើសពីនេះទៅទៀតនោះ លោក Ren Zhengfei បាននិយាយថា iPhone 12 ប្រើប្រាស់ 5G គឺជា ទូរស័ព្ទដៃ 5G ដែលល្អជាងគេបំផុតនៅក្នុងអំឡុងពេលបច្ចុប្បន្ន ហើយលោកសូមកោតសរសើរចំពោះក្រុមហ៊ុន Apple ដែលផលិតបាននូវទូរស័ព្ទដៃ ដ៏ល្អ បែបនេះ។

ហេតុអ្វីបានជាលោក Ren Zhengfei សរសើរទូរស័ព្ទដៃដែលជាក្រុមហ៊ុនប្រកួតប្រជែងទៅវិញ? អត់មានអ្វីចំឡែកនោះទេ iPhone 12 ត្បិតតែ ប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Apple ប៉ុន្តែប៉ាតង់ 5G គឺ Huawei ជាអ្នកកាន់កាប់ ហើយចំពោះការតំឡើងប្រព័ន្ធសេវា 5G នៅ តាម ទីក្រុង និងបណ្ដាប្រទេសជាច្រើននៅលើពិភពលោកក៏ Huawei ជាអ្នកគ្រប់គ្រង់ និងផ្គត់ផ្គង់ផងដែរ៕