(ភ្នំពេញ)៖ បន្ទាប់ពីការដាក់ទុនវិនិយោគយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងដ៏ប្រណីត ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ ហើយការប្រែមុខមាត់ថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងតំបន់ឆ្នេរ នាទិសនិរតីនេះ ក៏ត្រូវបានអ្នកជំនាញកីឡា ចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏មានសក្ដានុពល ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាជាច្រើនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

ការថ្លែងរបស់អ្នកជំនាញកីឡារូបនេះ បន្ទាប់ពី NOCC និងក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងសហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី «ជិះកង់នៃក្ដីស្រឡាញ់» នៅតំបន់ឆ្នេរ ក្នុងក្រុងព្រះសីហនុ ដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីលោករដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាងកីឡាករ-កីឡាការិនីចូលរួមសរុប ៣៥១នាក់។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសោភ័ណភាពតាមតំបន់ឆ្នេរ នៃក្រុងព្រះសីហនុបច្ចុប្បន្ន គឺមានលក្ខណៈបច្ចេកទេស ដែលអាចរៀបចំការប្រកួតកីឡាជាច្រើន ទាំងការប្រកួតក្របខណ្ឌជំនាញ និងលក្ខណៈកម្សាន្ដ ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ។ ម្យ៉ាងវិញទៀត លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានបើកភ្លើងខៀវក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក លើកទី២ នាដើមឆ្នាំ២០២២ ដោយចេញដំណើរពីខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលផងដែរ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល នៅទីនេះ(ក្រុងព្រះសីហនុ) គឺចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធកីឡាមួយដ៏មានសក្ដានុពល និងត្រឹមត្រូវតាមបច្ចេកទេស ធ្វើឲ្យយើងទាំងអស់គ្នា នឹងរៀបចំព្រឹត្តិការណ៍កីឡាច្រើនទៀត មានជិះកង់ រត់ប្រណាំង ម៉ូតូទឹក និងកីឡាផ្សេងៗទៀត ដែលអាចធ្វើបាន ពិសេសចុងឆ្នាំ២០២១ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈយកក្រុងព្រះសីហនុធ្វើម្ចាស់ផ្ទះជុំទី៣ នៃពិធីបុណ្យសមុទ្ររបស់យើង នឹងមានភាពគគ្រឹកគគ្រេងថែមទៀត»

ក្រៅពីត្រៀមរៀបចំការប្រកួតកីឡាជំនាញ និងព្រឹត្តិការណ៍កីឡាទេសចរណ៍ ដើម្បីបំផុសសកម្មភាពកីឡា និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ ក្រុងព្រះសីហនុ ក៏ជាគោលដៅដ៏សំខាន់ សម្រាប់កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាលើទឹកមួយចំនួន នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាកីឡាម៉ូតូទឹកជាដើម ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់សម្ដែងការគាំទ្រ ព្រមទាំងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រៀមរៀបចំមធ្យោបាយដឹកជញ្ជូនអត្តពលិកពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដើម្បីធ្វើការប្រកួតទៀតផង ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍ ក្នុងក្រុងព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានាភាគនិរតី រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារ ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ ហើយការរៀបចំព្រឹត្តិការណ៍ជិះកង់នៃក្ដីស្រលាញ់ម្សិលមិញ ក៏បានធ្វើឡើងតាមដងផ្លូវ នៃទីក្រុងដ៏ប្រណីត ដែលជាសមិទ្ធផលថ្មី ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីផងដែរ៕