(ភ្នំពេញ)៖ ការប្រកួតដណ្ដើមពានរង្វាន់ជើងឯក Prey Veng Pre-Season Cup 2021 ក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ក្នុងទឹកដីនៃកីឡដ្ឋានខេត្តព្រៃវែងតែម្តងនាម៉ោង ៣៖០០នាទីរសៀល។

គួរដឹងដែរថា ការប្រកួតពានលក្ខណៈមិត្តភាពជាតិ និងកំដៅសាច់ដុំខាងលើនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន ខេត្តព្រៃវែងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខដោយមាន ៤ក្រុមចូលរួមមានដូចជា ក្រុមខេត្តព្រៃវែង គិរីវវង់សុខសែនជ័យ អគ្គិសនីកម្ពុជា និងវិសាខា សុទ្ធសឹងជាសមាជិកមកពីលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាដើម។

ក្រៅពីក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ប៉ះអគ្គិសនីកម្ពុជា នៅមាន ១គូទៀត ជួបគ្នាក្នុងថ្ងៃតែមួយផងដែរ គឺរវាងក្រុមវិសាខា ប៉ះគិរីវង់សុខសែនជ័យនាម៉ោង ៨៖០០នាទីព្រឹក។ ទាក់ទងទៅនឹងការប្រកួតនេះដែរ សម្រាប់ក្រុមទាំង៤នោះ គឺអនុវត្តតាមរូបមន្តចាញ់ធ្លាក់ ដែលមានទាំងអស់ចំនួន ៤ប្រកួតនោះ ឯក្រុមចាញ់ប្រកួតគ្នាដណ្តើមលេខ៣ ក្រុមឈ្នះឡើងទៅដណ្តើមជើងឯក៕