(ភ្នំពេញ)៖ តារាសម្ដែងមានប្រជាប្រិយភាព កញ្ញា ភីយ៉ា ដែលមហាជនតែងតែឃើញ លេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿង «សុផាត» រឿង «ស្អប់អ្នកផ្ទះ» រឿង «កន្ទោងខៀវ» និងរឿង «អធិដ្ឋានស្នេហ៍» ដែលកំពុងបញ្ចាំងលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃនោះ បានចុះកិច្ចសន្យាក្លាយជាទូតសុឆន្ទៈផលិតផលគ្រឿងសំអាង របស់ក្រុមហ៊ុន ម៉ាលី ដែលជាក្រុមហ៊ុនមានឈ្មោះ បោះសំឡេងល្បី នៅក្នុងវិស័យគ្រឿងសំអាង តាំងពីឆ្នាំ២០០០មកម្ល៉េះ។ ពិធីចុះកិច្ចសន្យានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារផ្កាយ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមវត្តមានតារាសម្ដែងជាច្រើនរូប ជាពិសេសតំណាងចែកចាយធំៗរបស់ប្រេន «ម៉ាលី»

កម្មវិធីមួយនេះ អាចនិយាយបានថា ជាកម្មវិធីធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កញ្ញា ភីយ៉ា ដែលមានឱកាសក្លាយជាទូតសុឆន្ទៈរបស់ប្រេនល្បីមួយនេះ។ តារាសម្ដែង ភីយ៉ា បានថ្លែងថា រូបនាង បានស្គាល់ប្រេនម៉ាលីនេះ ជិត២០ឆ្នាំមកហើយ នាង ក៏ជាអតិថិជនមួយរូបផងដែរ មុននឹងក្លាយជាទូតសុឆន្ទៈ តំណាងផលិតផលមួយនេះ។ ការសម្រេចចិត្ត ក្លាយជាទូតសុឆន្ទៈផលិតផលគ្រឿងសំអាងនេះ ដោយសារតែនាងមើលឃើញ ពីគុណភាពផលិតផលប្រើឃើញផលពិតៗ ជាពិសេសម្ចាស់ប្រេនមានចក្ខុវិស័យដូចគ្នាជាមួយរូបនាង ដែលចង់ឲ្យអ្នកប្រើប្រាស់ មិនរងផលប៉ះពាល់ដោយសារសារជាតិគីមី នៅក្នុងផលិតផលគ្រឿងសំអាង។

អ្នកស្រី ទេព ច័ន្ទបូរព្រឹក្ស ជាសហស្ថាបនិក និងជាអគ្គនាយិការបស់ក្រុមហ៊ុន «ម៉ាលី» បានរំឭកថា ក្រុមហ៊ុនម៉ាលី គឺជាក្រុមហ៊ុនមួយដែលលេចឈ្មោះបោះសំឡេង នៅក្នុងវិស័យគ្រឿងសំអាងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលអាចនិយាយបានថា គ្រប់ផ្សារទូទាំងប្រទេស គឺមានលក់ផលិតផលមួយនេះ។

ដោយឡែកលោក ម៉ៅ ភួងពិស្ដារ ជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាលី ក៏បានថ្លែងថា ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាសព្វថ្ងៃ ជាពិសេសវិស័យអនឡាញ និងឌីជីថល ក្រុមហ៊ុនម៉ាលី បានសម្រេចចិត្តធ្វើការវិវឌ្ឍខ្លួន មកលក់តាមប្រព័ន្ធឌីជីថល ដើម្បីដើរឲ្យទាន់សម័យកាល និងផ្ដល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន៕