(ឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស Jaguar Land Rover (JLR) បានប្រកាសឱ្យដឹងថា នៅឆ្នាំ ២០២៥ ខ្លួននឹងចាប់ផ្ដើមផលិតរថយន្តទំនើប និងប្រណីត Jaguar ជាប្រភេទរថយន្តអគ្គិសនីទាំងអស់ ដោយក្នុងនោះរថយន្តប្រភេទ Land Rover នឹងក្លាយជារថយន្តអគ្គិសនី នៅឆ្នាំ២០២៤។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Jaguar Land Rover គ្រោងចំណាយ៣.៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីវិនិយោគទៅលើគម្រោងផលិតរថយន្តអគ្គិសនីនេះ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់រោងចក្រមួយចំនួនធំដែលមានស្រាប់ក្នុងការផលិតរថយន្តអគ្គិសនីខាងលើ ចំណែករោងចក្រផ្សេងទៀតអាចនឹងបិទចោលមួយរយៈ ឬធ្វើការកែច្នៃ ពោលគឺនៅឆ្នាំ ២០៣០ រថយន្តក្រោមស្លាកយីហោ Jaguar និង Land Rover នឹងត្រូវបានផលិតចេញជារថយន្តអគ្គិសនីទាំងអស់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅលើពិភពលោក បានដាក់គោលដៅងាកមកផលិតរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងជាពិសេសដើម្បីតម្រូវទៅតាមទីផ្សារជាក់ស្ដែង៕