(ក្រុងឡុងដ៍)៖ លោក Thomas Tuchel បានដឹកនាំតោខៀវ Chelsea ឈ្នះ ៤ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងចំណោម ៥ប្រកួតដែលត្រូវបានតែងតាំងជំនួសកៅអីលោក Frank Lampard ដែលត្រូវបានបញ្ចប់តំណែងនៅ Stamford Bridge។

ជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវសារិកាព្រៃ Newcastle United ក្នុងសប្តាហ៍ទី២៤ ជើងទី២ ពីការធ្វើបានសម្រេចដោយកីឡាករ Olivier Giroud និង Timo Werners បានជួយឲ្យ Chelsea មិនទាន់ចាញ់ប្រកួតណាមួយឡើយ ក្រោមការបង្វឹករបស់គ្រូថ្មីដែលជាជនជាតិអាល្លឹម៉ង់ Thomas Tuchel ក្រៅពីស្មើតែម្តងគត់ទល់នឹង Wolverhamton Wanderer ក្នុងលទ្ធផល ០-០ ពី១ប្រកួតដំបូងរបស់លោក ក្នុងកិច្ចសន្យា ១៨ខែពីម្ចាស់ក្លិប Roman Abramovich។

មួយវិញទៀត លោក Thomas Tuchel ក៏បានដឹកនាំតោខៀវ Chelsea យកបានកៅអីវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ផងដែរ តាមរយៈយកឈ្នះម្ចាស់ផ្ទះ Barnsley ១-០ កាលពីរាត្រីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សប្តាហ៍មុន មុនបន្តដឹកនាំក្រុមខ្លាំងប្រចាំទីក្រុង London មួយនេះប៉ះម្ចាស់ផ្ទះ Atletico Madrid ក្នុងវគ្គ ១៦ក្រុមនៅ UCL សប្តាហ៍ក្រោយទៀត។

តោខៀវរកបាន ១៣ពិន្ទុក្នុងចំណោម ៥ប្រកួតក្នុងលីគស្ថិតក្រោមការបង្វឹករបស់លោក Tuchel ដែលជាកំណត់ត្រាឈ្នះ ដ៏ច្រើនបំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ដោយរកបាន ៤២ពិន្ទុឡើងទៅឈរនៅតំបន់ Top-4 វិញ បន្ថយគំលាតពីក្រុមកំពូលតារាង Manchester City មកនៅត្រឹម ១៣ពិន្ទុទៀតផង៕