(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិទាំងអស់ ចូលរួមជំរុញការផ្សព្វផ្សាយយុទ្ធនាការចលនា «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីក្លាយជាចលនាកីឡាជាតិមួយឆ្ពោះទៅរកភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។

យោងតាមលិខិតរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ផ្អែកតាមសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញនូវយុទ្ធនាការចលនាជាតិមួយគឺ «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ក្នុងគោលបំណងឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា ដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងស្គាល់អំពីគុណតម្លៃនៃការលេងកីឡា។

តាមរយៈយុទ្ធនការនេះដែរ មានទិសដៅឲ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ចូលចិត្ដ គាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ជីវភាពល្អប្រសើរ សាមគ្គីភាពប្រកបដោយបរិយាបន្ន សុខុដុមនីយកម្មក្នុងសង្គម។

ដូច្នេះដើម្បីក្លាយជាចលនាកីឡាជាតិមួយឆ្ពោះទៅធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយរលូនប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលខ្ពស់ស្របតាមផែនការដែលបានគ្រោងទុក ក្រសួងអប់រំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិទាំងអស់ ចូលរួមជំរុញ បំផុស និងផ្សព្វផ្សាយគ្រប់សកម្មភាពកីឡា រួមទាំងព្រឹត្តិការណ៍កីឡាដល់ប្រជាជន ដោយរៀបចំដាក់ពាក្យស្លោក «អបអរសាទរ យុទ្ធនាការចលនាប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ឲ្យបានទូលំទូលាយ និងផុលផុស។

គួរបញ្ជាក់ថា យុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានប្រកាសបើកយុទ្ធនាការអប់រំសង្គមជាផ្លូវការកាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ។ ជាមួយគ្នានោះ ក៏មានយុទ្ធនាការជាច្រើនទៀត ត្រូវបានដាក់ចេញឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តចូលរួមផ្សព្វផ្សាយ ដើម្បីសម្រួចផែនការយុទ្ធសាស្ដ្រឆ្ពោះទៅរកភាពជោគជ័យក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នាឆ្នាំ២០២៣ ខាងមុខផងដែរ៕