(កូរ៉េ)៖ តារាចម្រៀងស្រីរូបស្រស់របស់កូរ៉េ Chungha បានបញ្ចេញអាល់ប៊ុមថ្មី ចំណងជើងថា «Querencia» សម្រាប់ស្វាគមន៍អ្នកគាំទ្រ ចំពោះការវិលត្រឡប់មកកាន់វិថីសិល្បៈរបស់នាងឡើងវិញ ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ នាងក៏បានចែករំលែកបទពិសោធន៍នានា កំឡុងពេលមានជំងឺកូវីដ១៩ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

អាល់ប៊ុមថ្មីរបស់ Chungha ចំណងជើងថា «Querencia» ត្រូវបានបញ្ចេញនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈវីដេអូនៃអាល់ប៊ុមមួយនេះ គឺមានរយៈពេលជាង៣នាទី ប៉ុន្តែគឺបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា ព្រោះវាបានបង្កប់នូវអត្ថន័យជាច្រើនពីសុវត្ថិភាពរបស់នាងដែលបានឆ្លងកាត់កន្លងមក។ «Querencia» គ្រោងនឹងបញ្ចេញនៅខែមករា ឆ្នាំ២០២១កន្លងទៅ ប៉ុន្តែវាត្រូវបានលើកពេលទៅវិញ បន្ទាប់ពី Chungha ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងក្រោយពេលបញ្ចេញអាល់ប៊ុមនេះ Chungha បាននិយាយថា «ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំបានឆ្លងកាត់នៅពេលនោះ ព្រោះតែខ្ញុំបានដឹងថា ខ្ញុំពិតជាបានឆ្លងនូវវីរុសនេះហើយ ខ្ញុំមិនចេញក្រៅនោះទេ ហើយវាជាប្រការល្អដែរ ដែលខ្ញុំមិនមានអាការៈផ្សេង និងមិនក្តៅខ្លួន»។

Chungha បន្តថា បច្ចុប្បន្ននេះ នាងបានជាសះស្បើយទាំងស្រុងពីកូវីដ១៩ហើយ ហើយនាងសង្ឃឹមថាអ្នកគាំទ្រនឹងឈប់បារម្ភពីសុខភាពនាងទៀតនោះទេ។ ងាកមកអាល់ប៊ុមថ្មីនេះ ត្បិតថាវាមានរយៈពេល៣នាទីជាងក៏ពិតមែន តែនាងសង្ឃឹមថាវានឹងជាទស្សនីយភាពល្អមួយសម្រាប់អ្នកគាំទ្រនារដូវកាលមានកូវីដ១៩នេះ។

សូមទស្សនាវីដេអូខាងក្រោម៖