(ភ្នំពេញ)៖ Panasonic Cambodia នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន៧រូប មកពី ITC និង NTTI ដែលសិក្សា លើជំនាញឧស្សាហកម្មមេកានិក និងវិស្វកម្មអគ្គិសនី។

កម្មវិធីអាហារូបករណ៍ Panasonic អាស៊ី ត្រូវបានបង្កើតឡើង សម្រាប់ការរំឭកខួបអនុស្សាវរីយ៍លើកទី៨០ របស់ក្រុមហ៊ុន នៅក្នុងឆ្នាំ១៩៩៨ ហើយវាគឺជាផ្នែកមួយ នៃបេសកកម្មរបស់ Panasonic ក្នុងការអភិវឌ្ឍធនធានមនុស្ស។

អាហារូបករណ៍ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្តល់ឱកាស ដល់មនុស្សជំនាន់ក្រោយ មានសមត្ថភាពខ្ពស់ ចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលមានដូចជា នៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌា វៀតណាម ថៃ និងប្រទេសជាច្រើនទៀត។

ជាមួយគ្នានេះ មាននិស្សិតប្រហែល១៤នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ ពីអាហារូបករណ៍នេះ នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានកាន់តែច្រើន នៅឆ្នាំក្រោយៗ។

លោក Yasunobu Matsumoto នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ Panasonic Cambodia បានរំឭកឡើងវិញ នូវជំហររបស់ Panasonic ក្នុងនាមជាមេ ដឹកនាំពិភពលោកខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី នៃបេសកកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោក។

លោកបន្ដថា Panasonic មានគោលបំណង ធ្វើការបំលែងអាជីវកម្មរបស់ខ្លួន តាមរយៈការផ្លាស់ប្តូរ នៃគំរូអាជីវកម្ម រួមទាំងពង្រីក និងបង្កើនសមត្ថភាព ដើម្បីបន្តបញ្ជ្រាបចូល ទៅផ្តល់ការរស់នៅកាន់តែល្អប្រសើរ ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។

លោក Yasunobu Matsumoto បន្តទៀតថា ចាប់តាំងពីឆ្នាំ ១៩១៨ Panasonic មិនត្រឹមតែគិតពីសុខុមាលភាព នៃការរស់នៅរបស់មនុស្សជុំវិញខ្លួន ប៉ុន្តែ ថែមទាំងអ្នករស់នៅក្នុងសហគមន៍ ទាំងមូលទៀតផង។

មូលដ្ឋានគ្រឹះ នៃក្រុមហ៊ុនរបស់ Panasonic ត្រូវបានបង្កើតឡើង ដោយឈរលើគោលការណ៍ «ចូលរួមចំណែកក្នុងការអភិវឌ្ឍ សង្គមតាមរយៈអាជីវកម្មរបស់ក្រុមហ៊ុន» និង «ដោះស្រាយបញ្ហាសង្គម តាមរយៈសកម្មភាពជាពលរដ្ឋរបស់ក្រុមហ៊ុន»

នេះគឺស្របជាមួយ នឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់ UNDP ដើម្បីបង្កើនធនធានយុវជន និងមនុស្សពេញវ័យ ដែលមានជំនាញពាក់ព័ន្ធ រួមមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពធ្វើការ មានការងារល្អសមរម្យ និងរីកលូតលាស់ជាសហគ្រិនភាព។

លោក Yasunobu Matsumoto បន្តទៀតថា ចក្ខុវិស័យនេះ នៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ Panasonic បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ៧នាក់បន្ថែមទៀត ដែលអាចមានលទ្ធភាពសិក្សា លើមុខជំនាញដែលពួកគេ កំពុងរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។

ការផ្តល់អាហារូបករណ៍នេះ នឹងឧបត្ថម្ភដល់ការសិក្សារបស់ពួកគេទាំងមូល ដែលមានន័យថា និស្សិតកម្ពុជាទាំង៧នាក់ នឹងទទួលបានប្រាក់បង់ថ្លៃសិក្សា និងការរស់នៅ ក្នុងអំឡុងពេលសិក្សាដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះ លោក Yasunobu Matsumoto លើកទឹកចិត្តឲ្យបន្តសុបិនរបស់យើង ពីព្រោះអនាគតជាកម្មសិទ្ធិ របស់យើងម្នាក់ៗ ហើយមានតែអ្នកខ្លួនឯង ដែលមានតែការប្តេជ្ញាចិត្តខ្ពស់ ទើបអាចជំរុញឲ្យយើងអាច សម្រេចភាពជោគជ័យរបស់យើងបាន។

ជាមួយនឹងគំនិតនេះ Panasonic តែងតែមានគំនិតផ្តួចផ្តើម ដោយមិនធ្លាប់ផ្លាស់ប្តូរ ដើម្បីផ្តល់នូវឧបករណ៍ចាំបាច់ សម្រាប់មនុស្សម្នាក់ៗ ដើម្បីការរស់នៅ ប្រកបដោយផាសុកភាព ស្របតាមទ្រឹស្តីគោល «ជីវិតរស់នៅកាន់តែប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា»

សូមជម្រាបថា Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេ នៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗ សម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។

Panasonic បានប្រារព្ធខួប១០០ឆ្នាំ របស់ខ្លួន នៅក្នុងឆ្នាំ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥២៨ និងក្រុមហ៊ុន ដែលជាប់ទាក់ទងចំនួន៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន៧.៤៩ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០៕