(ពិភពលោក)៖ កាលណាគេនិយាយពីឋានានុក្រមនៃច្បាប់ គឺគេចង់សម្តៅទៅលើបែបបទមួយ ដែលស្របទៅតាមលំដាប់លំដោយរាងសាជីជ្រុង (ពីរ៉ាមីត)។ តើអ្នកដឹងទេ នរណាជាអ្នកបង្កើតឋានានុក្រមនៃច្បាប់មុនគេបង្អស់លើពិភពលោក?

លោក ហាន កែលសិន (Hans Kelsen) ជនជាតិអូទ្រីស គឺជាអ្នកដែលបានបង្កើតឋានានុក្រមនៃច្បាប់។ កើតនៅឆ្នាំ១៨៨១ និងស្លាប់ទៅវិញនៅឆ្នាំ១៩៧៣ កែលសិន គឺជាទស្សនវិទូផ្នែកច្បាប់ និងជាទស្សនវិទូផ្នែកនយោបាយ ដែលមានឥទ្ធិពលខ្លាំងណាស់ នៅក្នុងទស្សនវិជ្ជាផ្នែកច្បាប់ និងនៅក្នុងនីតិសាធារណៈ។ កែលសិន បានសរសេរសៀវភៅដ៏ល្បីល្បាញ ១ក្បាល មានឈ្មោះថា ទ្រឹស្តីបរិសុទ្ធនៃច្បាប់ (Pure Theory of Law)។

ការកំណត់ឲ្យមានឋានានុក្រមនៃច្បាប់មានប្រយោជន៍យ៉ាងសំខាន់ជាអនេក ព្រោះថាបទដ្ឋានដែលមានលំដាប់ទាបជាង មិនអាចធ្វើបដិបញ្ញត្តិ ឬនិរាករបទដ្ឋាន ដែលស្ថិតនៅក្នុងលំដាប់ខ្ពស់ជាងបានឡើយ។ ឋានានុក្រមច្បាប់ តាមសាជីជ្រុងរបស់លោក កែលសិន គេឃើញមានលំដាប់លំដោយ៤ រួមមាន ១៖ រដ្ឋធម្មនុញ្ញ ២៖ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ៣៖ ច្បាប់ និង៤៖ បទបញ្ជា។

បើតាមគំនិតដើមរបស់លោក កែលសិន, និយាយឲ្យងាយយល់ មានន័យថា ឋានានុក្រមនៃច្បាប់ គឺជាគោលការណ៍មួយ ដែលកំណត់ឲ្យអាជ្ញាធររដ្ឋបាលត្រូវដាក់ចេញសេចក្តីសម្រេចរដ្ឋបាល ឲ្យស្របទៅតាមលំដាប់នៃបទដ្ឋាន។ គោលការណ៍នេះ ត្រូវបានលោក កែល សិន លើកឡើងថា ច្បាប់ជាវិទ្យាសាស្ត្រមួយ ដែលមានក្បួនខ្នាតប្រទាក់ប្រទិនគ្នាពីលើមកក្រោមដូចបានរៀបរាប់ខាងលើរួចហើយនោះ។

សូមបញ្ជាក់ថា ឋានានុក្រមនៃច្បាប់ ត្រូវបានពន្យល់ជាទូទៅដូចខាងក្រោម៖

១៖ រដ្ឋធម្មនុញ្ញ
គឺជាច្បាប់កំពូលរបស់រដ្ឋ ដែលកំណត់អំពីទម្រង់រដ្ឋ អំពីការចាត់ចែង និងការអនុវត្តអំណាច។

២៖ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ជាការព្រមព្រៀងដែលធ្វើឡើងរវាងរដ្ឋមួយ ឬច្រើន ឬតួអង្គអន្តរជាតិផ្សេងៗទៀត ដើម្បីបង្កើតឲ្យមានអានុភាពផ្លូវច្បាប់ នៅក្នុងទំនាក់ទំនងទៅវិញទៅមករបស់ខ្លួន។ សូមជម្រាបថា ការកំណត់ឋានានុក្រមរបស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ នៅមានភាពមិនច្បាស់លាស់នៅឡើយ មកដល់បច្ចុប្បន្ននេះ។

៣៖ ច្បាប់
ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ដែលត្រូវបានអនុម័តដោយសភា តាមសេចក្តីស្នើច្បាប់របស់សភា ឬសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល (នៅកម្ពុជាមុននឹងចូលជាធរមាន ច្បាប់ត្រូវប្រកាសឲ្យប្រើដោយព្រះមហាក្សត្រសិន)។

៤៖ បទបញ្ជា
ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវបទដ្ឋាន ដែលមានលក្ខណៈទូទៅ ដែលគេឲ្យឈ្មោះថា បទបញ្ជា។ បទបញ្ជា អាចសម្គាល់ដឹងតាមឈ្មោះដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកាអភិបាលរាជធានីខេត្ត ដីកាឃុំសង្កាត់ សារាចរ និងសេចក្តីសម្រេច ។ល។

គួរកត់សម្គាល់ថា បើនិយាយពីឋានានុក្រមនៃច្បាប់នៅកម្ពុជា ច្បាប់អាចនៅលើ នៅស្មើ ឬនៅក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិបានដែរ៕