(ភ្នំពេញ)៖ យុវជនល្ខោនខោលកម្ពុជានឹងគ្រោងរៀបចំព្រឹត្តការណ៍ រាត្រីល្ខោនខោលលើកទី២ និងតាំងពិព័រណ៍ស្នាដៃសិល្បៈ នៅខេត្តស្វាយរៀង ក្នុងគោលបំណងផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍន៍ទម្រង់សិល្បៈល្ខោនខោល ឲ្យកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាជននៅខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលនៅជុំវិញបានចូលរួមទស្សនាសិល្បៈ ល្ខោនខោល។ ជាពិសេសព្រឹត្តការណ៍នេះ នឹងនាំមកនូវទំរង់សិល្បៈៗជាច្រើនទៀតផងដែរ ដែលសម្តែងដោយសិល្បករ និងសិល្បៈការិនីនៃខេត្តស្វាយរៀងផ្ទាល់។

បើគេនៅចាំមិនភ្លេច យុវជនល្ខោនខោលកម្ពុជា បានបង្កើតការសម្តែង ៥លើកធំៗ រួចមកហើយ ដែលជាវេទិកាសិល្បៈល្ខោនខោល សិល្បៈចំរុះ និងតាំងពិព័រណ៍ផងដែរ ក្នុងនោះមានដូចជា៖ ១. ការសម្តែងល្ខោនខោល «ឈុតថលតយ័ន្ត» , ២. ព្រឹត្តិការណ៍ «ផ្ទះសិល្បៈសម្តែងសិល្បៈចំរុះ និងតាំងពិព័រណ៍ស្នាដៃ» ៣ . ការសម្តែងល្ខោនខោល «ឈុតចម្បាំងសត្វតាឡុង», ៤. ព្រឹត្តិការណ៍ «ផ្ទះសិល្បៈលើកទី២» និង៥. ព្រឹត្តិការណ៍ «រាត្រីល្ខោនខោល» នៅខេត្តកំពង់ស្ពឺ ខណៈព្រឹត្តិការណ៍ រាត្រីល្ខោនខោល លើកទី២ ដែលនឹងធ្វើឡើងនៅខេត្តស្វាយរៀងនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរិ៍ ទី២០ ខែមីនា ឆ្នាំ២០២១ កម្មវិធីដំណើរការពេញមួយថ្ងៃចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ ៨៖០០នាទីយប់។

លោក ខុន ច័ន្ទសិទ្ធការ្យ ជាប្រធាន យុវជនល្ខោនខោលកម្ពុជា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «យុវជនល្ខោនខោលកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមសិល្បករជំនាញល្ខោនខោល ដែលសមាជិកភាគច្រើនជាមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទួលបានការបណ្តុះបណ្តាលពីសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ យុវជនល្ខោនខោលកម្ពុជា បង្កើតឡើងដើម្បីប្រមូលនូវធនធានសិល្បករផ្នែកល្ខោនខោល និងជំនាញពាក់ព័ន្ធធ្វើការងាររួមគ្នា ដើម្បីចូលរួមផ្សព្វផ្សាយសិល្បៈខ្មែរ ដែលផ្តោតសំខាន់មកលើល្ខោនខោល»

ជាក់ស្តែង ព្រឹត្តិការណ៍ពិសេស ដែលនឹងគ្រោងធ្វើឡើងនៅខេត្តស្វាយរៀងនាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាកម្មវិធីដ៏ល្អមួយ ក្នុងការសាបព្រួសបន្ថែមនូវទំរង់សិល្បៈវប្បធម៌ជាតិខ្មែរ ដែលដូនតាខ្មែរ បានបន្សល់ទុកឲ្យ ដើម្បីឲ្យយុវជនជំនាន់ក្រោយ ជាពិសេសប្រជាជនក្នុងខេត្តស្វាយរៀង និងខេត្តជិតៗនោះ បានទស្សនានិងស្វែងយល់បន្ថែមទាំងសិល្បៈ ល្ខោនខោល និងការសម្តែងផ្សេងៗ។

គួរជម្រាបថា ល្ខោនខោល ជាល្ខោនមួយប្រភេទដែលគ្រប់តួអង្គសម្តែងសុទ្ធតែជាបុរស និងគ្រប់តួអង្គទាំងអស់ពាក់ មុខខ្មុក ឬ របាំងមុខ លើកលែងតែតួសម្ដែងជានារីមួយគត់ដែលមិនត្រូវពាក់មុខ (តែពាក់មកុដ) ប៉ុន្តែត្រូវលាបម្សៅអោយសក្រាស់ មើលទៅប្រហាក់ប្រហែលនិងពាក់របាំងមុខដែរ ហើយល្ខោនខោលសម្តែងតែរឿងរាមកេរ្តិ៍មួយតែប៉ុណ្ណោះ។ ល្ខោនល្ខោន ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ៕