(ភ្នំពេញ)៖ គោលដៅសិក្សាច្បាស់លាស់ ពិតជាមានសារៈសំខាន់ណាស់ ដែលមាតា បិតា ត្រូវគិតគូរសម្រាប់បុត្រធីតាព្រោះថា ជាព្រលឹងនៃការអប់រំឆ្ពោះទៅកាន់ ភាពជាបុគ្គលជោគជ័យ និងជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត។

ជាមួយទស្សនវិស័យ បេសកកម្មច្បាស់លាស់ សាលាអន្តរជាតិ ចុងអ៉ីង បានប្រកាន់យកគតិពេចន៍ «កសាងអនាគតអ្នកដឹកនាំ សម្រាប់ពិភពលោក» ជាត្រីវិស័យបង្ហាញទិសដ៏សំខាន់ សម្រាប់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោក សេង វណ្ណារិទ្ធ ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៉ីង បានឲ្យដឹងថា សាលាអន្តរជាតិចុងអ៊ីង មិនត្រឹមតែជាថ្នាលអប់រំស្តង់ដារអន្តរជាតិនោះទេ ថែមទាំងជាកន្លែងកសាងធនធានមនុស្ស ឲ្យក្លាយជាអ្នកដឹកនាំថែមទៀតផង។

លោកបានបន្តថា «ដើម្បីសម្រេចទស្សនវិស័យ បេសកកម្ម និងគតិពេចន៍ សាលាអន្តរជាតិ ចុងអ៊ីងបានបង្កើតវប្បធម៌នៃ ការអប់រំមួយដ៏ល្អតាមរយៈតម្លៃស្នូលចំនួន៩គឺ សុវត្ថិភាព, បរិស្ថាន, សុខភាព, វិន័យ, សីលធម៌, ក្តីស្រឡាញ់, សប្បាយរីករាយ, គុណភាព និងភាពជាអ្នកដឹកនាំ»

ដើម្បីឲ្យកាន់តែយល់ច្បាស់នៃតម្លៃស្នូលទាំង៩នេះ លោក សេង វណ្ណារិទ្ធ បានបកស្រាយយ៉ាងលម្អិតអំពីតម្លៃស្នូលនីមួយៗថា៖

* សុវត្ថិភាព៖ ជាការពិតលោកឳពុក អ្នកម្តាយបញ្ជូនកូនចៅមកសាលារៀន ដើម្បីចង់ឲ្យកូនរៀនចេះ មានអនាគតល្អ ប៉ុន្តែមុននឹងទទួលបានអ្វីៗទាំងអស់នេះ ជាតំបូងត្រូវមានសុវត្ថិភាពជាអាទិភាព។ ដូច្នេះសាលាចុងអ៊ីង ត្រូវថែរក្សាសិស្សានុសិស្ស មិនឲ្យមានអ្វីកើតឡើងឡើយ។

* បរិស្ថាន៖ បរិស្ថានជាអ្វីដែលសាលាយកចិត្តទុកដាក់បំផុតព្រោះថា បន្ទាប់ពីសុវត្ថិភាព គឺផ្តោតលើបរិស្ថានដែលមានអនាម័យ ធ្វើឲ្យលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សមានផាសុខភាព, អារម្មណ៍ល្អ, កម្លាំងកាយ និងកម្លាំងចិត្តខ្ពស់ក្នុងការផ្ទេរ និងទទួលយកចំណេះដឹង។

* សុខភាព៖ ដើម្បីថែរក្សាសុខភាពសិស្សានុសិស្ស គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុងអ៊ីងបានប្រឹក្សាជាមួយវេជ្ជបណ្ឌិតផ្នែកចំណីអាហារ ដើម្បីធានាថា កុមារមានសុខភាព និងរាងកាយលូតលាស់បានល្អ ពោលគឺការញាំអាហារពោរពេញ ដោយអាហារូបត្ថម្ភត្រឹមត្រូវ។ សិស្សានុសិស្សត្រូវញាំទឹកដោះគោឆៅ ទឹកផ្លែឈើស្រស់ និងអាហារផ្សេងៗដែលធ្វើឲ្យសុខភាពល្អ និងកាយរឹងមាំ។

* វិន័យ៖ សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិ ចុងអ៊ីងត្រូវតែគោរព និងមានវិន័យខ្ជាប់ខ្ជួន។ វិន័យត្រូវតែតឹងរឹង ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រលាញ់។

* សីលធម៌៖ សីលធម៌ជាសកម្មភាពទាំងឡាយណា ដែលវៀរចាកឆ្ងាយពីអំពើអបាយមុខ អំពើអាក្រក់។ សាលាចុងអ៊ីងអប់រំសិស្សានុសិស្ស ឲ្យធ្វើតែអំពើល្អពោល គឺកាយល្អ, វាចាល្អ និងចិត្តល្អ។

* ក្ដីស្រលាញ៖ មនុស្សមួយចំនួនអប់រំឲ្យបុត្រធីតាពូកែ ជោគជ័យ តែមិនបានអប់រំពី ក្តីស្រឡាញ់នោះឡើយ ទើបធ្វើឲ្យសិស្សចេះដឹងក៏ពិតមែន តែមិនសូវមានក្តីស្រឡាញ់។ មាតា បិតា ព្រមទាំងអាណាព្យាបាលមួយចំនួនសំដែងក្ដីបារម្ភខ្លាំង ពេលកូនទៅបន្តការសិក្សា នៅក្រៅប្រទេសព្រោះថា ពេលពួកគេរស់នៅសម្របខ្លួន តាមជនជាតិគេហើយ បែរជាព្រងើយកន្តើយជាមួយ ឳពុក ម្តាយ មិនសូវមានក្តីស្រលាញ់ចំពោះពួកគាត់ ប៉ុន្ដែបើសិនសិស្សានុសិស្សរៀននៅសាលាចុងអ៊ីង គឺធានាថាមិនមានបញ្ហាបែបនេះទេ ដោយសារតែសាលាបានបណ្តុះនូវក្តីស្រលាញ់ កត្តញ្ញូចំពោះ ឳពុក ម្តាយ និងប្រទេស របស់ខ្លួន។

* សប្បាយរីករាយ៖ សេចក្តីរីករាយមានន័យថា គណៈគ្រប់គ្រងសប្បាយរីករាយ ក្នុងការបំពេញការងារបុគ្គលិកសប្បាយ ក្នុងការអនុវត្តការងារ នឹងនាំឲ្យកូនសិស្ស សប្បាយរីករាយក្នុងការក្រេបជញ្ជក់យកចំណេះដឹង។ ភាពសប្បាយរីករាយ មានសារៈសំខាន់ណាស់ ហេតុនេះសាលាចុងអ៊ីនបណ្តុះឲ្យអ្នកនៅទីនេះ មានភាពសប្បាយរីករាយ គឺសប្បាយដោយធម៌ មិនមែនសប្បាយដោយអបាយមុខឡើយ។

* គុណភាព៖ គុណភាពជាលទ្ធផលរំពឹងទុករបស់សាលាចុងអ៊ីង គណៈគ្រប់គ្រងត្រូវដឹកនាំ ឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ បុគ្គលិកបំពេញការងារ ឲ្យមានគុណភាព លោកគ្រូ -អ្នកគ្រូ បង្រៀនសិស្សឲ្យមានគុណភាព ចំណែកសិស្សានុសិស្សរៀនឲ្យមានគុណភាព។

* ភាពជាអ្នកដឹកនាំ៖ អ្នកទាំងអស់គ្នានៅទីនេះ ត្រូវតែមានភាពជាអ្នកដឹកនាំ ទាំងគណៈគ្រប់គ្រង, លោគ្រូ, អ្នកគ្រូ, មាតា បិតា, អ្នកអាណាព្យាបាល, សិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់។

លោកសេង វណ្ណារិទ្ធ បានបន្ថែមថា ទាំងនេះជាតម្លៃស្នូលរបស់សាលាអន្តរជាតិ ចុងអ៊ីងដែលធានាថា នឹងធ្វើឲ្យកូនៗ សិស្សានុសិស្សទៅដល់កន្លែង ដែលគាត់ចង់ទៅ។ សាលាជួយពួកគាត់ឲ្យជោគជ័យនៅក្នុងជីវិត ប៉ុន្តែជោគជ័យកម្រិតណា អាស្រ័យលើតម្រូវការ និងវិថីដែលពួកគាត់ជ្រើសរើស ប្រកបដោយក្រមសីលធម៌។

លោក សេង វណ្ណារិទ្ធ បានបន្តថា «ឪពុក ម្តាយ ដឹកដៃស្តាំកូន ចំណែកគ្រូដឹកដៃឆ្វេង ដើម្បីធ្វើយ៉ាងណាឲ្យកូនរបស់ពួកគាត់ ទៅកាន់ទីកន្លែងដែលឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ចង់ឲ្យបុត្រធីតា សិស្សានុសិស្សចង់ឲ្យគាត់ទៅដល់»

លោកបន្តថា «ហេតុនេះនៅចុងអ៊ីង មិនមែនបង្រៀនតែកូនសិស្សទេ គឺបង្រៀនអ្នកពាក់ព័ន្ធទាំងអស់ ដោយយកចិត្តទុកដាក់បំផុតដូចជា បង្រៀនគណៈគ្រប់គ្រងឲ្យចេះបំពេញការងារ ក្នុងភាពជាគណៈគ្រប់គ្រងរបស់សាលា, បង្រៀនលោកគ្រូ អ្នកគ្រូឲ្យចេះបង្រៀន សិស្សានុសិស្សប្រកបដោយគរុកោសល្យខ្ពស់, បង្រៀនកូនសិស្សឲ្យចេះរៀន និងបង្រៀនទាំងអាណាព្យាបាលសិស្ស ពីភាពជាគ្រូជំនួយ ភាពជាអាណាព្យាបាលឆ្នើម ដើម្បីជួយកូនឲ្យទទួលបានជោគជ័យ»

លោកសេង វណ្ណារិទ្ធ បានពន្យល់បន្ថែមថា បើមានតែការជួយពីសាលារៀន ឪពុក ម្តាយ មិនជួយមិនខិតខំនោះទេ ទោះបីសាលារៀនធ្វើបានល្អបែបណាក៏ដោយ ក៏បានតែ៥០ភាគរយ ដោយសារឪពុក ម្តាយ ដែលបានផ្តល់កំណើតជាគ្រូទី១ សាលារៀនជាគ្រូទី២ ហើយពេលចេញទៅបំពេញការងារក្នុងសង្គម ថ្នាក់ដឹកនាំ (មេ) ជាគ្រូទី៣។

លោកបញ្ជាក់ថា «អញ្ចឹងបើកូនសិស្សមានសំណាង កើតក្នុងគ្រួសារមានឪពុក ម្តាយល្អ បានរៀននៅសាលាមានលោកគ្រូ-អ្នកគ្រូល្អ និងបានបំពេញការងារនៅកន្លែងមានមេដឹកនាំល្អ ថ្ងៃអនាគតជាសំណាងរបស់ពួកគាត់ ហើយគាត់នឹងទទួលបានជោគជ័យក្នុងជីវិត»