(ភ្នំពេញ)៖ ភាពយន្ត បែបកំប្លែង Sitcom ចំនួនពីររឿង នឹងចូលមកបម្រើអារម្មណ៍ទូរទស្សនិកជន នាពាក់កណ្តាលឆ្នាំ ២០២១នេះ តាមរយៈស្ថានីយទូរទស្សន៍ CTN។ រឿង «ធ្វើម៉េចបានមាន» និង «ផ្ទះបាយស្នេហ៍» គឺជាចំណងជើង២ រឿងដែលធានាថា នឹងមកអង្រួនអារម្មណ៍ទស្សនិកជន ឲ្យបានសើចសប្បាយនឹងធូរស្រាលអារម្មណ៍ជាមួយនឹងសាច់រឿង និងការសម្តែងដ៏ប៉ិនប្រសព្វរបស់តួសម្តែងនីមួយៗ។

ភាពយន្តទាំង២នេះ ត្រូវបានរៀបធ្វើពិធីក្រុងពាលីចេញថត នារសៀលថ្ងៃទី១៥ ខែកុម្ភៈ នៅក្នុងស្ថានីយទូរទស្សន៍ CTN ក្រោមវត្តមាន លោក គុជ ចាន់វិសាល អគ្គនាយករង CBS ព្រមទាំងអ្នកដឹកនាំរឿងពីររូប, អ្នកផលិតកម្មវិធី ក្រុមការងារ និងតារាសម្ដែងប្រុសស្រីជាច្រើននាក់។

លោក គុជ ចាន់វិសាល អគ្គនាយករងនៃស្ថានីយទូរទស្សន៍ CBS បានថ្លែងប្រាប់ Fresh News Plus ថា «សម្រាប់ CBS យើងតែងតែព្យាយាមបង្កើតកម្មវិធីថ្មីៗ ដើម្បីផ្តល់ជូនការកម្សាន្ត ដល់ទស្សនិកជន។ ហើយយើងតែងតែព្យាយាមច្នៃប្រឌិតកម្មវិធី ក៏ដូចជាបង្កើតអ្វីដែលថ្មីប្លែក សម្រាប់ទស្សនិកជន។ នេះជាមូលហេតុដែលនាំឲ្យយើង សម្រេចចិត្តផលិតកម្មវិធីទូរទស្សន៍ថ្មី Sitcoms ដែលកម្មវិធីថ្មីទាំងនេះ នឹងផ្តល់ជូនទស្សនិកជននូវរសជាតិថ្មីប្លែក ដោយបញ្ចូលគ្នារវាងកំប្លែង និងរឿងភាគ។ កម្មវិធីថ្មីរបស់យើងទីមួយមានចំណងជើងថា «ធ្វើម៉េចបានមាន» How to be a Billionaire និងកម្មងវិធីថ្មីទីពីរមានចំណងជើងថា «ផ្ទះបាយស្នេហ៍» Love Kitchen យើងដឹងថា បច្ចុប្បន្នទស្សនិកជនភាគច្រើនចូលចិត្តរឿងកំប្លែង និងរឿងភាគ»។

«ប៉ុន្តែខ្ញុំគិតថា ពួកគាត់ក៏ចង់ទស្សនាអ្វីដែលថ្មីដែរ។ ដូច្នេះខ្ញុំជឿថា ទស្សនិកជននឹង ចូលចិត្ត ទស្សនីយភាពថ្មីប្លែក ពីកម្មវិធីរបស់យើងដែលនឹងផ្តល់ជូនពួកគាត់ឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ នៅពេលទស្សនិកជនបានទស្សនាហើយ ប្រសិនបើពួកគាត់ចូលចិត្ត និងចង់ឲ្យមានរដូវកាលក្រោយៗទៀត។ យើងនឹងបំពេញតាមសំណូមពរ ហើយនឹងព្យាយាមបង្កើតកម្មវិធី Sitcoms ថ្មីៗបន្ថែមទៀតនាពេលអនាគត ។

អ្វីដែលពិសេសនៃរឿងទាំងពីរនេះ គឺការតាក់តែងនិពន្ធ និង សសេររៀបចំជាអត្ថបទ នៃសាច់រឿងទាំងមូល គឺបាននិពន្ធឡើងនៅក្នុងស្ថានីទូរទស្សន៍ស៊ីធីអ៊ិន ដោយផ្ទាល់ ហើយបានសម្រិតសម្រាំង នូវគុណភាពនៃសាច់រឿងជាចំបងតែម្តង»។ លោក គុជ ចាន់វិសាល បញ្ជាក់បន្ថែម។

លោក ឧត្តម វិវឌ្ឍន៍ ជាអ្នកនិពន្ធ, ដឹកនាំសម្ដែង និងជាតួសម្ដែងក្នុងរឿង «ធ្វើម៉េចបានមាន» បានបង្ហាញពីខ្លឹមសារនៃរឿងនេះថា «ដំបូងឡើយមានអតីតថៅកែកុនបរាជ័យម្នាក់ឈ្មោះ ឆាយ (ឧត្តម វិវឌ្ឍន៍) រិះរកគ្រប់វិធីដើម្បីបានលុយ អាចត្រឡប់ទៅផលិតកុនឡើងវិញ កសាងកេរ្តិ៍ឈ្មោះ រើបម្រាស់ពីការគ្រប់គ្រង និង ទារុណកម្មសេដ្ឋកិច្ច របស់ប្រពន្ធឆ្នាស់ឆ្នើម គឺនាង អានី (ពុន សុ រ៉ាវត្តី)។ មហិច្ឆតានេះធ្វើឲ្យបុរសនៅលីវបីនាក់ ដែលជាអ្នកជិតខាងមានដូចជា ឡុង (អេង សុខហួង) រិទ្ធ (VJ អែនប៊ី) និងសុខ (សារឿន.សុភារ៉ា) ស្ម័គ្រហែហមតាម រួមបង្កើតគំនិតដើម្បីក្លាយជាអ្នកមាន គេចផុតពី វិបត្តិបង់លុយឈ្នួលផ្ទះយឺតយ៉ាវជាប្រចាំ ទៅឲ្យម្ចាស់ផ្ទះម៉ៅស្វិត គឺតាសន (សង់សេត) ជាឪពុកអាណែត (លី វួចលាង) ដែលពួកគេទាំងបីលួចស្រឡាញ់ចង់បានជាប្រពន្ធ»។

ចំណែករឿង «ផ្ទះបាយស្នេហ៍» ត្រូវបានអ្នកនិពន្ធបង្ហាញថា សាច់រឿងនឹងឆ្លុះបញ្ចាំងពីសង្គមគ្រួសារមួយ ដែលមានឋានៈមធ្យម និងរស់នៅក្នុងស្ថានភាពសាមញ្ញដូចដែលគ្រួសារខ្មែរទូទៅ។ សាច់រឿងទាំងមូលនឹងគ្របដណ្តប់ ទៅលើសមាជិកគ្រួសារដែលមាន ជំនាន់ ឬអាយុផ្សេងគ្នា ពីជីដូន រហូតដល់ចៅ។ ទិដ្ឋភាពនៃសាច់រឿងកំសត់ និង កំប្លុកកំប្លែង របស់រឿងទាំងមូល បង្ហាញពីទិដ្ឋភាពផ្ទាល់នៅក្នុងគ្រួសារមួយនោះ ហើយបញ្ហាដែលកើតឡើង នៅក្នុងនោះវាក៏ស្រដៀង ដូចទៅនឹងគ្រួសារទូទៅ នៅក្នុងសង្គមខ្មែរផងនោះដែរ។ ប៉ុន្តែសាច់រឿងដែលពួកយើងបានតាក់តែងនឹងរៀបចំឡើង ឲ្យមានលក្ខណៈជាការប្រឌិតខ្លះដែលនឹងបង្កើតជាបរិយាកាស ឲ្យទស្សនិកជនបានសើចសប្បាយនៅតាមផ្ទះ ហើយក៏នឹងប្រាកដជាសម្រក់ទឹកភ្នែក ទៅជាមួយនឹងការសម្តែងរបស់តួអង្គនីមួយៗ។

សូមបញ្ជាក់ថា ភាពយន្តរឿង «ធ្វើម៉េចបានមាន» ឬ«How to be a Billionaire?» មានចំនួន១៥ភាគ មានការចូលរួមសម្ដែងដោយតារាសម្តែងមានដូចជា លោក ឧត្តម វិវឌ្ឍន៍, កញ្ញា ពុន សុ រ៉ាវត្តី, លោក អេង សុខហួង, លោក VJ អែនប៊ី, លោក សារឿន សុភារ៉ា, នាយ សង់ សេត និង កញ្ញា លី វួចលាង ដោយនឹងធ្វើការចាក់បញ្ចាំង ជូនទស្សនិកជននៅក្នុងពាក់កណ្តាលឆ្នាំ ២០២១នេះផងដែរ។

ចំណែងរឿង «ផ្ទះបាយស្នេហ៍» ឬ«Love Kitchen» មានចំនួន២០ភាគ មានការចូលរួមសម្ដែងដោយ តារាសម្តែងមានដូចជា លោក ដួង សុខគា ដើរតួជាស្វាមី ឈ្មោះ ម៉ៅ, អ្នកនាង ទូច ស្រីល័ក្ខ សម្តែងជាតួភរិយា របស់ម៉ៅ និងលោក ខៃ សម្តែងជាតួកូនអ្នកជិតខាង ដែលតាមស្រឡាញ់ក្មួយស្រីរបស់ម៉ៅ។ រឿងនេះអាចនឹងចាក់បញ្ចាំងជូនទស្សនិកជននៅក្នុងឆ្នាំនេះ បន្ទាប់ពីរឿង «ធ្វើម៉េចបានមាន» ឬ «How to be a Billionaire?»៕