(ភ្នំពេញ)៖ កាន់តែប្លែកភ្នែក ប្រៀបបានទៅដល់កន្លែងពិតៗ ជាមួយបទចម្រៀងថ្មីរបស់តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា មានចំណងជើងថា «កោះអ្វី?» ខណៈទេសភាពនៅក្នុងវីដេអូចម្រៀង គឺស្អាតត្រជាក់ភ្នែក ព្រោះបានបង្អួតសម្រស់កោះសង្សារ ដែលជាកោះឋានសួគ៌ រ៉ូមែនទិចនៃទឹកដីរបស់ប្រទេសកម្ពុជា។

បទចម្រៀងថ្មី «កោះអ្វី?» ត្រូវបានគេដឹងថា ជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងនិពន្ធបទភ្លេងដោយ ប្រុស ម៉ៅ, សម្រួលតន្ត្រីដោយ Numan ដឹកនាំសម្តែងដោយ Kate, ថត និងកាត់តដោយ Bannie និងរៀបចំការផលិតដោយ Manuth។

«កោះសង្សារ» ត្រូវបានគេដឹងថា ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានទេសភាពខ្សាច់សក្បុស ហ៊ុមព័ទ្ធផ្ទះឈើ ប្រក់ស្បូវ ប្រណីត បាន ក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរណ៍ ជាពិសេសរមណីយដ្ឋាន កោះសង្សារនេះ គឺបានផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ វាមានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ហើយរមណីយដ្ឋាននេះ មានបុគ្គលិក ផ្ទះបាយ អ្នកច្នៃម៉ូដ អគារ និងមគ្គុទ្ទេសក៍ សុទ្ធតែលំដាប់ផ្កាយ ខណៈភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះ អាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់ MV នៃបទចម្រៀងបាន ឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើន នៃព្រះរាជណាកច្រកម្ពុជា ក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា ជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការ គាំទ្រច្រើន។

ចង់ដឹងថាបទថ្មី «កោះអ្វី?» របស់ខេម និង តន់ ចន្ទសីម៉ា មានអត្ថន័យហើយមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា៖