(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានបន្ដកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយផ្ដោតលើរបៀបវារៈសំខាន់ៗពីរ ទី១-ត្រួតពិនិត្យ និងជំរុញការងាររបស់គណៈកម្មការជំនាញទាំង១៤ និងទី២-ជជែកពីការត្រៀមទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMCOC ដោយផ្តោតសំខាន់លើប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមរបស់គណៈកម្មការជំនាញ ថាតើបានជួបបញ្ហាប្រឈមអ្វីខ្លះ មានសំណូមពរអ្វីខ្លះត្រឡប់មកវិញ ដើម្បីគណៈអចិន្ត្រៃយ៍ដោះស្រាយជាបណ្តើរៗឈានទៅរកប្រសិទ្ធការងារពិតប្រាកដ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា មកទល់ពេលនេះ មានរយៈពេលជាង ១ខែហើយដែលគណៈអចិន្ដ្រៃយ៍ CAMSOC បានអនុញ្ញាតឲ្យគណៈកម្មការជំនាញទាំងអស់ ចាប់ផ្ដើមសកម្មភាពការងាររបស់ខ្លួនជាផ្លូវការ។ ហេតុនេះថ្នាក់ដឹកនាំតែងតែធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពការងារ ហើយលោករដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការនីមួយៗ លើការយកបញ្ហាប្រឈមនានា ដើម្បីដោះស្រាយឲ្យបានទាន់ពេល និងត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

លោកបន្ដថា «ចាប់ពីឥឡូវនេះ រហូតដល់ខែមិថុនា គណៈកម្មការទាំងអស់ ត្រូវមានលក្ខណៈសម្បត្តិដឹងពីការងារទាំងអស់ ហើយមុខងារមួយៗទាំងធំទាំងតូច ត្រូវមានមនុស្សគ្រប់គ្រាន់ និងដៃគូគ្រប់គ្រាន់ ក្នុងការធ្វើការងារ។ អ៊ីចឹងឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ឲ្យគណៈកម្មការជំនាញទាំងអស់ ត្រូវមានការរៀបចំខ្លួន ធ្វើការជាមួយភាគី ជាមួយអគ្គលេខាធិការដ្ឋាន CAMSOC សម្របសម្រួលដោយអគ្គលេខាធិការ នឹងធ្វើការជាមួយសហព័ន្ធកីឡាជាតិ ព្រមទាំងគណៈកម្មការជំនាញនីមួយៗ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត»

ដោយឡែកពាក់ព័ន្ធកម្មវិធីទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមវិញ គ្រោងធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ពោលគឺក្រោយចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដើម្បីផ្ទេរទង់ស៊ីហ្គេមមកកាន់ម្ចាស់ផ្ទះថ្មី គឺកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រៀមទស្សនីយភាពវប្បធម៌ សិល្បៈ និងកីឡាអត្តសញ្ញាណជាតិមួយចំនួន ក្នុងការត្រៀមស្វាគមន៍ពិធីទទួលទង់ស៊ីហ្គេម និងបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ លោក វ៉ាត់ ចំរើន បន្ថែម៕