(បាសេឡូណា)៖ ក្រុមជើងឯកទៅពីបារាំង Paris Saint-Germain បានបំបាក់ម្ចាស់ផ្ទះ FC Barcelona ក្នុងលទ្ធផល ៤-១ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League គ្រាដែលខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯង (hat-trick)។

ការប្រកួតដែលបានធ្វើឡើងនៅរាត្រីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្មើនឹងម៉ោង ៣ទៀបភ្លឺនៅកម្ពុជានោះ ក្រុមរបស់លោក Ronald Koeman រកបានតែ ១គ្រាប់ប៉ុណ្ណោះដោយបាល់ប៉េណាល់ទីស៊ុតបានសម្រេចដោយខ្សែប្រយុទ្ធ Lionel Messi នៅនាទី២៧ មុនពេលត្រូវបាន Kylian Mbappe រកបានគ្រាប់តាមស្មើវិញនៅ ៥នាទីបន្ទាប់ក្នុងកីឡដ្ឋាន Camp Nou។

តែយ៉ាងណាក្រុមដែលអវត្តមានកីឡាករសំខាន់ Neymar និង Angel Di Maria ដោយសារបញ្ហារបួសនោះ បន្តរកបាន ៣គ្រាប់ទៀតក្នុងរយៈពេល ៤៥នាទីដែលនៅសល់តាមរយៈ Kylian Mbappe រកបាន ២គ្រាប់ និងតែតបញ្ចូលទី ១គ្រាប់របស់ Moise Kean ដើម្បីធ្វើឲ្យក្រុមមកពីរដ្ឋធានីបារាំងមួយនេះមានភាគរយកាន់តែខ្ពស់ក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត មុនបញ្ចប់ជើងទី២ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នាកីឡដ្ឋាន Pard des Princes។

នេះក៏ជាជ័យជម្នះទី៧ ក្នុងចំណោមដឹកនាំបាន ៩ប្រកួតពីសំណាក់គ្រូបង្វឹកថ្មី Mauricio Pochettino ដែលត្រូវបានតែងតាំងជំនួសកៅអីលោក Thomas Tuchel នាខែមករាឆ្នាំនេះដែរ៕