(ប៊ូតាប៉េស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Sadio Mane និង Mohamed Salah រកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងជ័យជម្នះ ២-០ ទៅលើក្រុម RB Leipzig របស់អាល្លឺម៉ង់សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមដែលទើបចាញ់ ៣ប្រកួតជាប់ៗគ្នាក្នុងលីគនៅអង់គ្លេស ហង្សក្រហម Liverpool ត្រូវរង់ចាំរហូតដល់នាទី៥៣ ទើបកីឡាករ Salah រកបានគ្រាប់ទី១ នៅមុនពេល ៥នាទីបន្ទាប់ មិត្តរួមក្រុម Sadio Mane រកបានគ្រាប់ទី២ ពីការបញ្ជូនរបស់កីឡាករខ្សែបម្រើ Curtis Jones រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

តាមរយៈលទ្ធផលឈ្នះ ២-០ ក្រៅដីនេះដែរ បានធ្វើឲ្យ Liverpool ដែលជាជើងឯក Champions League ឆ្នាំ២០១៩ នោះ រឹតតែមានទឹកមាត់លេប មុនពេលប្រកួតជើងទី២ នៅទឹកដី Anfield នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត៕