(អាមេរិក)៖ ផ្ទុយស្រឡះពីលោក Elon Musk នាយកប្រតិបត្តិ Tesla និង SpaceX លោក Bill Gates បានបង្ហាញជំហរ និងគោលការណ៍ ខុសគ្នាក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងការចំណាយលុយដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅលើផែនដី ជាជាងនាំមនុស្ស ទៅ កាន់លំហរអាកាស ឬភពព្រះអង្គារ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Bill Gates សហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានថ្លែងឱ្យដឹងថា «វាជាកិច្ចការងារមួយដ៏ល្អហើយ ដែលលោក Elon Musk បានបង្កើត រថយន្ត ដែល ប្រើប្រាស់ថាមពលអគ្គិសនីនោះ ព្រោះវាជាការកាត់បន្ថយការបម្រែសម្រួលអាកាសធាតុនៅលើផែនដី ហើយវាក៏ជាគំនិតមួយដ៏ល្អផងដែរ»

លោក Bill Gates បានថ្លែងដូចខាងលើនេះនៅក្នុងកិច្ចសម្ភាសន៍មួយក្រោមប្រធានបទ «វិធីជៀសវាងគ្រោះមហន្តរាយអាកាសធាតុ» ដោយ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមទៀតថា លោកមិនមែនជាមនុស្សភពព្រះអង្គារដូច Elon Musk នោះទេ ហើយលោកក៏គិតផងដែរថា ការប្រើប្រាស់នាំមនុស្សទៅកាន់ភពព្រះអង្គារគឺជាដំណោះស្រាយចំពោះការទប់ស្កាត់ ឬកាត់បន្ថយការបម្រែបម្រួល អាកាសធាតុនោះទេ។

កំពូលមហាសេដ្ឋីមានទ្រព្បសម្បត្តិ ១៣០ពាន់លានដុល្លាររូបនេះ បានបន្តទៀតថា «យើងគួរតែផ្ដោតសំខាន់លើបញ្ហាធំៗ ដែលបណ្ដាលឱ្យមានការបម្រែបម្រួលអាកាសធាតុនៅលើផែនដី ជាជាងការនាំមនុស្សចេញពីផែនដីទៅរស់នៅភពក្រៅ។ អ្វីដែល Elon Musk បានធ្វើគឺជាដំណោះស្រាយចុងក្រោយ ខណៈដែលនៅពេលនេះមនុស្សគ្រប់គ្នាកំពុងតែប្រើប្រាស់ដំណោះស្រាយបឋម»

លោក Bill Gates បានលើកឡើងរឿងមួយទៀតថា លោកមិនចំណាយលុយរាប់ពាន់លានដុល្លារទៅផលិតកាំជ្រួចដើម្បីនាំមនុស្សទៅលំហរអាកាសនោះទេ ប៉ុន្តែលោកបានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីជួយសង្គ្រោះជីវិតមនុស្សតាមការទិញវ៉ាក់សាំងជំងឺកញ្ជ្រិលជាដើម៕