(ភ្នំពេញ)៖ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប បានបំពេញកូតាកីឡាករបរទេស ៥រូប សម្រាប់ត្រៀមប្រយុទ្ធក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ រួចរាល់ហើយ ខណៈគ្រូបង្វឹក លោក សុក វាសនា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះពួកគេ ដើម្បីរួមចំណែកជួយក្រុមនារដូវកាលថ្មីខាងមុខ។

កីឡាករបរទេសទាំង ៥រូបខាងលើរួមមានការបន្ដកិច្ចសន្យាខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Abee Ndjoo Hurber និងនាំចូលថ្មី ៤រូបមានដូចជា ខ្សែការពារសញ្ជាតិជប៉ុន Yaya Kuriyama និងខ្សែបម្រើជប៉ុន Kanta Asami។ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Magson Dourado និងខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Ajayi Gbenga Samuel។

លោក សុក វាសនា បានបញ្ជាក់ថា កីឡាករបរទេសទាំងអស់ គឺជាក្ដីរំពឹងមួយបន្ថែមលើធនធានកីឡាករក្នុងស្រុក បន្ទាប់ពីក្លិបបានធ្វើការផ្លាស់ប្ដូរមួយចំនួនធំ ដែលភាគច្រើនជាកីឡាករវ័យក្មេង។ ហេតុនេះ លោកសង្ឃឹមថា កីឡាករបរទេសខាងលើ នឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ ដើម្បីជួយក្រុមក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។

ពិសេសលោកមានទំនុកចិត្តខ្ពស់លើកីឡាករដ៏មានបទពិសោធ Ajayi Gbenga Samuel ដោយលោកចាត់ទុកជាជម្រើសដំបូងរបស់ខ្លួន ក្នុងការនាំលេងលើទីលាន ដ្បិតខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លិបធំៗជាច្រើនដូចជា ភ្នំពេញក្រោន បឹងកេត និងក្លិបមួយចំនួននៅថៃរួមមាន Bangkok Galss (BG Phathum United), Chonburi និង Samut Songkhran ជាដើម។

យ៉ាងណាក្ដី លោកមិនទាន់ហ៊ានដាក់ក្ដីរំពឹងខ្ពស់ ក្នុងការប្រជែងជើងឯក ឬតំណែង Top-4 នៃលីគកំពូលកម្ពុជានោះទេ ដោយលោកសង្កត់ធ្ងន់ថា ក្រុមខ្លួនកាន់តែខំប្រឹង ក្លិបធំៗដូចជាវិសាខា ភ្នំពេញក្រោន បឹងកេត និងព្រះខ័នរាជស្វាយរៀងជាដើម មានការរៀបចំកាន់តែល្អ ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។ តែលោកប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អប្រសើរជាងរដូវកាលមុន ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១០៕