(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះស្វាគមន៍ក្រុមណាហ្គាវើលដ៏នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈចុងសប្ដាហ៍នេះ ក្នុងជំនួបមិត្តភាពលក្ខណៈកម្ដៅសាច់ដុំ មុនបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា ដែលគ្រោងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៦ ខែមីនាខាងមុខ។

នេះជាជំនួបមិត្តភាពមួយដ៏ធំ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ពិសេសក្រុមណាហ្គា ដែលបានផ្លាស់ប្ដូរកីឡាករមួយចំនួនធំ ហើយមានកីឡាករខ្លះជាអតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង។ លើសពីនេះក្រុមទាំងពីរ ក៏បាននាំចូលកីឡាករបរទេសកម្រិតអន្ដរជាតិមករួមក្រុមនារដូវកាលថ្មីផងដែរ។

គួរដឹងថា មុនការប្រកួតនេះព្រះខ័នរាជស្វាយរៀង បានចូលរួមប្រកួតពានមិត្តភាពមុនបើករដូវកាលថ្មី ២ មកហើយ គឺពាន Siem Reap Charity Cup ទទួលបានលេខ៣ ក្រោយប្រកួតចាញ់វិសាខា ២-១ និងឈ្នះកងយោធពលខេមរភូមិន្ទ ដោយបាល់ប៉េណាទី ៤-៣ បន្ទាប់ពីប្រកួតពេញស្មើគ្នា ៤-៤ និងពាន Forward Pre-Season Cup ទទួលបានលេខ៣ ដូចគ្នា ក្រោយចាញ់វិសាខា ៤-១ និងឈ្នះអង្គរថាយហ្គឺរ ២-០។

ផ្ទុយពីក្រុមលោក Conor Nestor ខាងលើ ក្រុមណាហ្គាវើលដ៏វិញ ពុំបានចូលរួមប្រកួតពាន Pre-Season ណាមួយនោះទេ ក្នុងចំណោមពានមុនបើករដូវកាលថ្មីចំនួន៤ ដែលរៀបចំដោយក្លិបក្នុងស្រុក។ ប៉ុន្ដែក្រុមលោក មាស ចាន់ណា ក៏បានឆ្លងកាត់ប្រកួតមិត្តភាពមួយចំនួនផងដែរ ដើម្បីពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មី ដូចជាប្រកួតឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ៤-០ និងប្រកួតស្មើខេត្តព្រៃវែង ១-១ ជាដើម។

ដូច្នេះការប្រកួតកម្ដៅសាច់ដុំថ្ងៃសុក្រនេះ នឹងក្លាយជាការប្រកួតវាស់ស្ទង់សមត្ថភាពដ៏ល្អរបស់ក្រុមខ្លាំងទាំងពីរ ដើម្បីត្រៀមរដូវកាលថ្មី ពិសេសក្រុមណាហ្គាវើលដ៏ ដែលត្រូវប្រកួតបើកឆាកជាមួយក្រុមការពារតំណែងជើងឯកបឹងកេតនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ខាងមុខ នៅកីឡដ្ឋាន Cambodia Airway ពោលគឺនៅសល់ពេលជាង ២សប្ដាហ៍ទៀតប៉ុណ្ណោះ៕