(ភ្នំពេញ)៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមកោះកុងអែហ្វស៊ី ហាក់មិនពេញចិត្ដ ចំពោះលទ្ធផលបើកឆាកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ដែលបានត្រឹមស្មើ ១-១ ជាមួយក្រុមភ្ញៀវខេត្តកែបកាលពីម្សិលមិញឡើយ ដោយលោកចាត់ទុកការចែកគ្នា ១ពិន្ទុម្នាក់នេះ ដោយសារកូនក្រុមខ្វះខាតបទពិសោធប្រកួតលក្ខណៈផ្លូវការ។

អតីតគ្រូបង្វឹកក្រុមវិសាខារូបនេះបានបញ្ជាក់ថា មុនការប្រកួតក្រុមខ្លួនបានរៀបចំយ៉ាងល្អជាមួយក្ដីរំពឹងខ្ពស់ សម្រាប់ការប្រកួតពានសម្ដេចតេជោ-ថ្នាក់ខេត្ត ដែលលោកចាត់ទុកជាពានកម្រិតទី៣ នៅកម្ពុជា។ ប៉ុន្ដែឈានដល់ការប្រកួតមែនទែន ពួកគេធ្វើបានល្អច្រើន តែគុណភាពកីឡាករមួយចំនួន ខ្វះបទពិសោធប្រកួតផ្លូវការច្រើន ដែលធ្វើឲ្យការសម្រេចពុំបានល្អ ពិសេសការបញ្ចប់ទីចុងក្រោយ។

ដូច្នេះលោកនឹងព្យាយាមកែតម្រូវចំណុចខ្វះខាតរបស់កូនក្រុមឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតក្រោយៗ ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ដ្បិតគ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License រូបនេះ ធ្លាប់បង្ហាញគោលដៅដ៏ធំនៅក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២១ ក៏ដូចជាការត្រៀមការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ នារដូវកាលថ្មីខាងមុខផងដែរ។

គួរបញ្ជាក់ថា ក្នុងជំនួបបើកឆាកពូល «ង» រវាងក្រុមកោះកុងអែហ្វស៊ី និងខេត្តកែបកាលពីម្សិលមិញ ក្រុមភ្ញៀវកែប បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅនាទី៥២ ដោយកីឡាករ ទេព សើហ្វីអ៊ី បន្ទាប់មកទើបកីឡាករ ពៅ វិច្ឆិកា រកគ្រាប់តាមស្មើឲ្យក្រុមកោះកុងវិញនៅនាទី៨៤ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅទីលានវិទ្យាល័យកោះកុង៕