(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដែលមិនធា្លប់មានពីមុនមកពី សែលកាត គឺការទស្សនាភាពយន្ដក្រោមពន្លឺផ្កាយ បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ដែលបានអញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។

ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណងដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជន ដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាកដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។ នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង។ ទន្ទឹមនឹងនោះ យើងក៏អាចប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ»

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានរៀបចំឡើងដោយមានអម មកជាមួយនូវកម្មវិធីកម្សាន្តសប្បាយៗពេញមួយរាត្រី ពោលចាប់ផ្តើមដំបូង លោកអ្នកនឹងបានទស្សនាការសម្តែងសិល្បៈសៀកដ៏អស្ចារ្យរបស់ Phare Cambodian Circus ហើយបន្ទាប់មក ក៏នឹងមានឱកាសបានជួបជាមួយ idol សែលកាតជាច្រើនរូបទៀតដូចជា ប៊ុនឡេង, រៀនថត, ស្រីនា និងហេង វិសាល ជាដើមផងដែរ។

ខ្សែភាពយន្តថៃរឿង Happy Single’s Day បានចាក់បញ្ចាំងចាប់ពីម៉ោង៦៖៣០ល្ងាចតទៅ នៅទីធ្លាខាងក្រៅ លើកញ្ចក់អេក្រង់ខ្នាតយក្សទំហំ១២ម៉ែត្រ គុណ៧ម៉ែត្រ ដោយក្នុងនោះ លោកអ្នកថែមទាំងអាចរីករាយជាមួយអាហារសម្រន់ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសា ដែលបម្រើជូនដោយបុគ្គលិករបស់សណ្ឋាគារសូហ្វីតែល, ព្រឹត្ដិការណ៍នេះ ដើម្បីផ្ដល់ភាពរីករាយ ដល់អតិថិជន ក្នុងឱកាសទិវានៃក្ដីស្រលាញ់។

កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរី សម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ៥ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕