(អាមេរិក)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ News Corp បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូរយៈពេល៣ឆ្នាំ ជាមួយក្រុមហ៊ុន Google ដើម្បីលក់ផលិតផលព័ត៌មានរបស់ខ្លួន សម្រាប់ទម្រង់ព័ត៌មានរបស់ក្រុមហ៊ុន Google ដែលមានឈ្មោះថា «Google News Showcase», នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការបោះពុម្ភផ្សាយរបស់ក្រុមហ៊ុន News Corp ដែលបានចូលរួមជាមួយទម្រង់ Google News Showcase ក្នុងនោះរួមមានទាំងការបោះពុម្ភផ្សាយជាច្រើនផ្សេងទៀត របស់សហរដ្ឋអាមេរិក ដូចជា ៖ The Wall Street Journal, Barron’s, MarketWatch, New York Post, ការបោះពុម្ភផ្សាយរបស់ចក្រភពអង់គ្លេស ដូចជា ៖ The Times and The Sunday Times, The Sun និងការបោះពុម្ភផ្សាយ របស់អូស្ត្រាលី ដូចជា The Australian, news.com.au និង Sky News។

កិច្ចព្រមព្រៀងនេះ គឺជាការខិតខំប្រឹងប្រែងអស់រយៈពេលយូរមកហើយ របស់លោក Rupert និងលោក Lachlan Murdoch និងលោក Robert Thomson នាយកប្រតិបត្តិក្រុមហ៊ុន News Corp ដើម្បីស្វែងរកប្រាក់កម្រៃ សម្រាប់មាតិកាល្អៗ ពីទម្រង់ផ្សេងៗ ដូចជា Google ជាដើម៕