(លីសស្បោន)៖ ក្រុមសេះបង្កង់ Juventus បានរងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ FC Porto សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលដែលខ្សែប្រយុទ្ធសំខាន់ Cristiano Ronaldo ខកខានរកគ្រាប់បាល់ ៣ប្រកួតចុងក្រោយនេះ។

សមាជិកថ្មី Federico Chiesa ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះចុងម៉ោងឲ្យក្រុមភ្ញៀវ Juventus នៅក្រោយពេលកីឡាករ Taremi និង Marega រកបានគ្រាប់នាំមុខឲ្យ Porto តាំងពីនាទីទី១ និងនាទី៤៦ មកម្ល៉េះ នៅមុនពេលចាប់ផ្តើមជើងទី២ នៅទឹកដីនៃប្រទេសអ៉ីតាលីវិញនាខែមីនា ឆ្នាំ២០២១ ខាងមុខ។

តែយ៉ាងណាមិញ សម្រាប់មិត្តរួមក្រុម Cristiano Ronaldo មិនទាន់គ្រាប់ក្នុងប្រកួតណាមួយឡើយ ក្នុងចំណោម ៣ប្រកួតចុងក្រោយនេះ គិតចាប់តាំងពីស៊ុតបាន ១គ្រាប់ក្នុងជ័យជម្នះ ២-០ របស់សេះបង្កង់ទៅលើក្រុម AS Roma ក្នុងលីគ មុនមកលេងស្មើ ០-០ ទល់នឹង Inter Milan ចាញ់ Napoli ១-០ និងចាញ់ Porto ២-១ ស្ថិតក្រោមការបង្វឹករបស់លោក Andrea Pirlo។

FC Porto ដែលឈ្នះជើងឯក UEFA Champions League ចុងក្រោយកាលឆ្នាំ២០០៤ ក្រោមការដឹកនាំរបស់លោក Jose Mourinho ផងនោះ បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាននេះ ២សម័យចុងក្រោយនេះ និងបានកំពុងបង្ហាញភាពខ្លាំង ដើម្បីឡើងទៅកាន់វគ្គ ១/៤ ជាបន្តទៀត នៅមុនពេលបញ្ចប់ជើងទី២ នៅក្រៅដី គ្រាដែល Juventus ត្រូវការតែ ១គ្រាប់ ក្នុងឡើងទៅវគ្គបន្តដូចគ្នា៕