(បរទេស)៖ ប្រជាជនអូស្ត្រាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល បណ្ដាញសង្គមយក្ស Facebook បានធ្វើការបិទ Facebook Page ទាំងអស់មិនឱ្យធ្វើការ Share រាល់មាតិកាព័ត៌មាន ដែលការបិទនេះត្រូវបានធ្វើឡើងក្រោយមានការផ្ទុះឡើងនូវជម្លោះរវាង រដ្ឋាភិបាល នៃប្រទេសនេះជាមួយនឹង Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បាន ចេញ ច្បាប់ថ្មីដោយតម្រូវឱ្យក្រុមហ៊ុនយក្សអាមេរិកធំៗចំនួន២គឺ Google និង Facebook បង់ប្រាក់ ទៅឱ្យ ស្ថាប័ន ប្រព័ន្ធសផ្សព្វផ្សាយ និងស្ថាប័នព័ត៌មាន ដើម្បីទទួលបាន មាតិកា ព័ត៌មាន និងចែករំលែកដោយស្របច្បាប់ ប៉ុន្តែការចេញច្បាប់ថ្មីនេះមិនបានធ្វើឱ្យ Facebook សប្បាយរីករាយនោះទេ។

ស្ថាប័នព័ត៌មាន និងអ្នកច្បាប់ជាច្រើនបានរិះគន់ទៅលើរដ្ឋាភិបាលអូស្ត្រាលី ក្រោយពេលដែល Facebook ចាត់វិធានការបិទរាល់ការបង្ហោះ ព័ត៌មាននៅលើ Facebook Page ដោយក្នុងនោះ Facebook Page របស់ក្រសួងសុខាភិបាល និង ឧតុនិយម ក៏មិនអាចចែករំលែក ព័ត៌មាន បានផងដែរ។

នៅមុននេះ Facebook បាននិយាយថា ប្រហែលជាអាចមានការយល់ច្រឡំរវាង Facebook និងស្ថាប័នព័ត៌មាន ទៅលើការចែករំលែក មាតិកាព័ត៌មាន ព្រោះថា Facebook មិនបានទទួលផលចំណេញនោះទេ ផ្ទុយទៅវិញមានតែជួយជំរុញស្ថាប័នព័ត៌មានឱ្យទទួលបានការគាំទ្រ ហើយបើសិនជារដ្ឋាភិបាលនៅតែដាក់កំហិតទៀតនោះ គឺ Facebook អាចនឹងអនុវត្តវិធានការក្ដៅ ឬបិទរាល់មាតិកាព័ត៌មានទាំងអស់។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Google ក៏បានប្រកាសនឹងដកខ្លួនចេញពីអូស្ត្រាលី ដោយសារតែច្បាប់ថ្មី ដែលតម្រូវឱ្យ បង់ប្រាក់សម្រាប់ការទទួលបានមាតិកាព័ត៌មាន៕