(កូរ៉េ)៖ ផលិតកម្ម Big Hit ដែលជាជម្រករបស់ក្រុមចម្រៀងបុរសល្បីឈ្មោះ BTS នាពេលថ្មីៗនេះ បានប្រកាសពីគម្រោង ដើម្បីស្វែងរកក្រុម K-POP ថ្មីមួយទៀត ខណៈការស្វែងរកនេះ គឺត្រូវបានធ្វើឡើង តាមរយៈកម្មវិធីជ្រើសរើសជាលក្ខណៈសកលមួយ ដែលគេរំពឹងថា នឹងធ្វើការផ្សាយផ្ទាល់នៅអាមេរិក ក្នុងឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
Big Hit Entertainment ដែលជាផលិតកម្មខ្នាតយក្សមួយនៅកូរ៉េនោះ បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនចម្រៀងអាមេរិក Universal Music Group ដើម្បីស្វែងរកក្រុមចម្រៀងបុរសថ្មីមួយទៀត។
ទន្ទឹមគ្នានេះ លោក Lenzo Yoon នាយកប្រតិបត្តិ Big Hit Global បានិយាយថា Big Hit បានអនុវត្តរូបមន្តជោគជ័យរបស់ខ្លួន ដែលបានបង្កើតឡើងក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ ទៅកាន់សហរដ្ឋអាមេរិក ដែលជាមជ្ឈមណ្ឌលទីផ្សារតន្ត្រីពិភពលោកដ៏ធំ។ ជាពិសេសក្រុម K-POP ថ្មីនោះ នឹងថតហើយត្រូវជ្រើសរើសដោយក្រុមហ៊ុនចម្រៀង ដែលជាបុត្រសម្ព័ន្ធរបស់ Universal Music Group។
ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនទាំងពីរ គឺ Big Hit Entertainment និង Universal Music Group មិនបានបញ្ជក់បន្ថែមនោះទេថា តើការផ្សាយផ្ទាល់នៃកម្មវិធីជ្រើសរើសក្រុម K-POP ដែលនឹងធ្វើឡើងក្នុងឆ្នាំ២០២២នោះ នឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយមួយណា របស់អាមេរិកនោះទេ។
គួរជម្រាបថា ផលិតកម្មដ៏ធំរបស់កូរ៉េ Big Hit Entertainment បានដឹកនាំក្រុមចម្រៀង BTS ឲ្យមានកេរ្តិ៍ល្បីល្បាញយ៉ាងខ្លាំងជុំវិញពិភពលោក ចាប់តាំងពីក្រុមនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣។ ជាពិសេសតាមរយៈបទចម្រៀងរបស់ក្រុមដែលមានសមាជិក៧នាក់មួយនេះ បានយកឈ្នះការលក់ចម្រៀង និងវីដេអូនៅអាមេរិក ជាបន្តបន្ទាប់ផងដែរ៕