(ភ្នំពេញ) ៖ តារាល្បីៗទាំងចាស់ថ្មីយ៉ាងច្រើនកុះករ ដែលភាគច្រើនសុទ្ធសឹងតែជាតួសម្ដែង នៅក្នុងភាពយន្តល្បីៗរបស់ផលិតកម្ម «សាស្ត្រា» បានប្រមូលផ្ដុំគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍ នៅក្នុងពិធីប្រកាដំណើរការ App Sastra Film ដែលជា App ចម្រុះដោយភាពយន្តប្រមាណ២០០រឿង របស់ផលិតកម្មមួយនេះ។ ជំនួបដ៏ធំមួយនេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅផ្សារទំនើប Aeon2 ដោយអាចចាត់ទុកថា ជាជំនួបទ្រង់ទ្រាយធំនៅក្នុងសង្គមសិល្បៈ បន្ទាបពីអាក់ខានមិនបានជួបគ្នាអស់មួយរយៈធំ។
អ្នកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ដោយសារតែតែ Sastra Film ផលិតបាននូវភាពយន្តល្អៗជាច្រើន ស្របពេលដែលលោកស្រីក៏ចង់ឱ្យមហាជនខ្មែរ ជាពិសេសគឺពិភពលោកទាំងមូលបានឃើញ ពីការរីកចម្រើននៃវិស័យភាពយន្តខ្មែរ ទើបលោកស្រីនិងក្រុមការងារសម្រេចបង្កើត App មួយនេះឡើង ដោយ App មួយនេះនឹងដើរតួជារោងកុនផ្ទាល់ខ្លួនរបស់អ្នកគាំទ្រ ដោយទស្សនិកជនអាចទស្សនាបានគ្រប់ស្នាដៃរបស់ផលិតកម្ម ដោយផ្ទាល់នៅគ្រប់ទីកន្លែង ហើយមិនចាំបាច់ធុញទ្រាន់នឹងពាណិជ្ជកម្ម។ មកដល់ពេលនេះ App Sastra film មានភាពយន្តប្រមាណជា ២០០រឿង ដោយស្នាដៃខ្លះមិនមានការដាក់ផ្សាយលើផេក ឬក្នុងរោងកុននោះទេ។
អ្នកស្រីបង្ហាញនូវមោទនភាព ដែលបានរួមចំណែកលើកកម្ពស់វិស័យភាពយន្តខ្មែរ និងបានរៀបចំព្រឹត្តិការណ៍សម្ពោធនេះឡើង ដោយមានសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករចូលរួម។ លោកស្រីថា អ្នកដែលចង់ទស្សនាស្នាដៃរបស់ សាស្ត្រា គឺលែងលំបាកទៀតហើយ ដោយគ្រាន់តែ Download app Sastra Film ហើយចុះឈ្មោះបង់សេវ៉ាក្នុងមួយខែ ៥ដុល្លារ និង ១០ដុល្លារ នោះគឺជាការស្រេច ដោយមិនខុសពីមានរោងកុនមួយនៅក្នុងដៃឡើយ។
នៅក្នុងពិធីដែលបានធ្វើឡើងនោះ ក៏មានព្រឹត្តិការណ៍ដើរលើកម្រាលព្រំពីសំណាក់សិល្បករ-សិល្បការិនី ព្រឹត្តិការណ៍សម្ដែងឈុតខ្លីៗលើឆាក ដើម្បីបង្ហាញនូវភាពយន្តមួយចំនួន និងពិធីចុចប៊ូតុងប្រកាសដំណើរការ App ជាផ្លូវការផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺតារាម្នាក់ៗលេងខ្លួនទាក់ទាញខ្លាំង ដោយមានហ្វេនយ៉ាងច្រើនកុះករចោមរោមពេញក្នុងពិធី៕