(ភ្នំពេញ)៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីបុកគ្រឹះសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់លើគណនីផ្លូវការរបស់កីឡដ្ឋាន ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការសាងសង់កីឡដ្ឋានថ្មីស្រឡាងនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន និងចូលរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដោយគ្រោងសាងសង់លើផ្ទៃដីជាង ៤ហិចតា ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។
គួរដឹងថា គម្រោងសាងស់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ បានទទួលការឧបត្ថម្ភថវិកា ២លានដុល្លារពីគម្រោងណាហ្គាវើលដ៏បេះដូងសប្បុរស។ តែយ៉ាងណាលោក ហ៊ុន ម៉ានី ធ្លាប់បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមបន្ថែម ដើម្បីគាំទ្រដំណើរការសាងសង់នេះ ដ្បិតគម្រោងនេះ ត្រូវចំណាយច្រើនជាង ២លានដុល្លារ ពិសេសលើការបំពាក់បង្គោលភ្លើង កៅអីអង្គុយទស្សនា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោក ហ៊ុន ម៉ានី ធ្លាប់បានសង្កត់ធ្ងន់ទៀតថា កីឡដ្ឋាននេះមិនមែនជារបស់បុគ្គលិក ឬក្រុមហ៊ុនណានោះទេ គឺជារបស់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល ហើយតាមរយៈសមិទ្ធផលថ្មីនេះ លោករំពឹងថា នឹងចូលរួមជំរុញប្រជាពលរដ្ឋក្នុងខេត្តចូលរួមលេងកីឡា ដើម្បីសុខភាព ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ក៏ដូចជាបញ្ចប់ពាក្យថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទៅហួសមកហួសផងដែរ៕