(ភ្នំពេញ)៖ ហ្វ័រឈូន ឡាយហ្វ៍ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម ហើយតាមរយៈកម្មវិធី «ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍»ក្រុមហ៊ុនប្តេជ្ញាក្នុងការចូលរួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ដែលខ្លួនបានទៅដល់។
ជាក់ស្ដែងកាលពីសប្ដាហ៍កន្លងទៅនេះ ដោយមានការសហការពីមន្ទីរអប់រំខេត្ត និងសាលាខេត្តកំពង់ធំ ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ បានធ្វើដំណើរទស្សនកិច្ចទៅកាន់អនុវិទ្យាល័យកំពង់រទេះ។ ក្រុមហ៊ុនក៏បានឧបត្ថម្ភ បង់សម្រាប់អង្គុយ សៀវភៅសម្រាប់បណ្ណាល័យ សម្ភារសិក្សា ម៉ាស និងទឹកអាល់កុលសម្លាប់មេរោគជូនដល់សាលា ក៏ដូចជាការដាំដើមឈើនៅក្នុងបរិវេណសាលាផងដែរ។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជាតំណាងរបស់អភិបាលខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយលោក ឧកញ៉ា លី ឃុនថៃ ដែលជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខេត្តកំពង់ធំគឺជាខេត្តដំបូងមួយ ដែលក្រុមហ៊ុនបានបង្កើតសាខារបស់ខ្លួន ហើយ ហ្វ័រឈូន ឡាយហ្វ៍ ក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់ដែលមានវត្តមានជាផ្លូវការនៅក្នុងខេត្តនេះ។
លោក Dominick Williams អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានថ្លែងថា គោលបំណងនៃ «កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍» ដើម្បីជួយឲ្យសហគមន៍ក្នុងមូលដ្ឋាន មានកន្លែងរស់នៅ និងធ្វើការប្រសើរជាងមុន ហើយកន្លែងដែលត្រូវចាប់ផ្តើមដ៏ល្អមុនគេ គឺសាលារៀននៅខេត្តកំពង់ធំ។ ការជួយដល់កុមារឲ្យមានលទ្ធភាពក្នុងការចាប់ផ្តើមសិក្សា គឺពិតជាមានសារៈសំខាន់ណាស់។ «ខ្ញុំសង្ឃឹមថាការឧបត្ថម្ភរបស់ពួកយើង អាចចូលរួមចំណែកក្នុងការលើកកម្ពស់ការសិក្សា និងអនាគតសិស្សានុសិស្ស ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍នៅក្នុងខេត្តកំពង់ធំ»។
លោក ដួង ដារ៉ារិទ្ធ នាយកអនុវិទ្យាល័យកំពង់រទេះបានថ្លែងថា «ខ្ញុំពិតជារំភើប និងសូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដល់សាលារៀនយើងខ្ញុំ។ សិស្សានុសិស្សរបស់យើង នឹងប្រើប្រាស់បង់ទាំងនេះសម្រាប់ការសិក្សា និងអង្គុយលេងកំសាន្ត។ សៀវភៅ និងវចនានុក្រមអាចជួយបង្កើនការអានក្នុងបណ្ណាល័យរបស់យើង។ ដំណើរទស្សនកិច្ច និងការឧបត្ថម្ភរបស់ ហ្វ័រឈូន ឡាយហ្វ៍ បាននាំមកនូវស្នាមញញឹមដល់សិស្សានុសិស្ស និងជំរុញឲ្យពួកគេបន្តការសិក្សាទៅមុខទៀត»។
លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ខេត្តកំពង់ធំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅក្នុងខេត្តនេះ។ ក្រុមហ៊ុនមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាជនតាមមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបង្កីននូវសុខុមាលភាព សេចក្តីសុខផ្លូវចិត្ត និងសុវត្ថិភាពហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជុំវិញខេត្ត ចូលរួមទប់ស្កាត់ការឆ្លងមេរោគ COVID-19ទាំងអស់គ្នា និងសំណូមពរ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នាដើម្បីសវត្ថិភាព។
ដើម្បីចូលរួមចំណែកឲ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក៏បានផ្តល់ជូននូវបង់អង្គុយនៅតាមសួនច្បារសាធារណៈក្នុងខេត្តកំពង់ធំ ។
ដើម្បីស្វែងយល់បន្ថែមអំពី ហ្វ័រឈូន ឡាយហ្វ៍ សូមស្វែងរកតាមរយៈគេហទំព័រ៖ https://www.fortunelife.com.kh៕