(ភ្នំពេញ)៖ គ្រប់គម្រោងអភិវឌ្ឍន៍ដីឡូត៍ដែលស្របច្បាប់ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមទ្រទ្រង់នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ហើយក៏បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋទូទៅផងដែរ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដីឡូត៍ស្របច្បាប់គឺបានចូលរ ួមក្នុងការអភិវឌ្ឍដល់សង្គមជាតិ តាមរយៈការបង់ពន្ធទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនដែលជាម្ចាស់គម្រោង និងផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោមមធ្យមអាចទិញដី សម្រាប់សាងសង់លំនៅដ្ឋានកម្មសិទ្ធិបានយ៉ាងប្រសើរ។

លោកឧកញ៉ាបានបញ្ជាក់ថា ចំណុចពិសេសរបស់ដីឡូត៍ស្របច្បាប់ ដែលកំពុងប្រតិបត្តិការនៅលើទីផ្សាររួមនាពេលបច្ចុប្បន្ន មានដូចជា៖

ទី១៖ ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលមិនសូវមានលទ្ធភាពក្នុងការទិញ ឬកាន់កាប់ដីធំៗធ្វើជាកម្មសិទ្ធិ តាមរយៈការបង់រំលស់ប្រចាំខែ នៅក្នុងតម្លៃមួយដែលសមរម្យ ស្របទៅនឹងចំណូលប្រចាំខែរបស់ពួកគាត់។

ទី២៖ ចូលរួមកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការស្ថាបនាផ្លូវថ្នល់ រៀបចំបណ្តាញបង្ហូរទឹក (លូ) និងដាក់បង្គោលភ្លើង រួមជាមួយនឹងការតភ្ជាប់បណ្តាញអគ្គិសនី ដែលពាក់ព័ន្ធទៅនឹងគម្រោង ស្របតាមការកំណត់របស់ក្រសួងពាក់ព័ន្ធ ដើម្បីអាចធានានូវគុណភាព និងបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ដែលជាអតិថិជន មានបំណងសាងសង់លំនៅឋានសម្រាប់ស្នាក់នៅអចិន្ត្រៃយ៍។

ទី៣៖ ផ្តល់ការងារ និងចំណេះដឹងបន្ថែមផ្នែកទីផ្សារដល់ប្រជាជនក្នុងស្រុក ជាពិសេសយុវជន និងយុវនារីក្នុងនាមជាភ្នាក់ងារលក់ ឬបុគ្គលិកក្រុមហ៊ុនពេញសិទ្ធិ កាត់បន្ថយការចំណាកស្រុក ជាមួយនឹងការផ្តល់នូវប្រាក់ចំណូលសមរម្យ។

ទី៤៖ ផ្លាស់ប្តូរ និងកែប្រែតំបន់ដែលធ្លាប់តែស្ងប់ស្ងាត់ តំបន់លិចទឹក ឬតំបន់ដែលគ្មានផ្លូវធ្វើដំណើរ ឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញកំណើនប្រជាពលរដ្ឋឱ្យចូលទៅរស់នៅ និងអាចបង្កើតទៅជាតំបន់ទីប្រជុំជន មានការសាងសង់លំនៅឋានក្នុងតំបន់ ដែលអាចប្រកបអាជីវកម្មប្រចាំថ្ងៃបាន។ និយាយជារួមគឺធ្វើការកែប្រែពី ដីដែលមិនសូវមានសក្តានុពល ឱ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍។

ទី៥៖ ចូលរួមក្នុងការគ្រប់គ្រងដី និងការប្រមូលពន្ធជូនរដ្ឋាភិបាល ឱ្យមានភាពល្អប្រសើរឡើងជាងមុន ហើយក៏ជាការចូលរួមចំណែក ក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ាផន វណ្ណិត បានបន្តថា ជាមួយគ្នានេះ «យើងក៏មានក្ដីបារម្ភចំពោះគម្រោងដីឡូត៍មួយចំនួនតូច ដែលមិនបានអនុវត្ត និងគោរពតាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ទីផ្សាររួមផងដែរ»។ លោកឧកញ៉ាបានជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកអភិវឌ្ឍន៍ដីឡូត៍ទាំងអស់ អនុវត្តគម្រោងស្របទៅតាមច្បាប់ដែលមានកំណត់ ជៀសវាងទទួលរងនូវការខាតបង់ទាំងទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងពេលវេលា ជាពិសេសធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត៕