(កូរ៉េ)៖ តារាចម្រៀងប្រុសសមាជិកក្រុម BTS គឺលោក J-HOP គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គឺមានវ័យ២៧ឆ្នាំហើយ ខណៈក្នុងថ្ងៃខួបកំណើតរបស់ខ្លួន តារាប្រុសរូបនេះ បានបង្ហាញពីទឹកចិត្តសប្បុរស តាមរយៈការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន១៥០លានវ៉ុន ប្រមាណជាង ១៣៥,៤០០ដុល្លារអាមេរិក ដល់អង្គការមួយ ដើម្បីផ្គត់ផ្គង់ការខ្វះខាតរបស់កុមារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈអង្គការ ChildFund Korea តារាចម្រៀង J-Hope បានលើកឡើងថា ដោយសារតែបច្ចុប្បន្ននេះ មានក្រុមគ្រួសារចំនួនខ្វះខាតជីវភាព ដោយសារតែបញ្ហាកូវីដ១៩ និងទទួលដំណឹងថា កុមារៗត្រូវការជំនួញជាបន្ទាន់ ហេតុនេះហើយក៏បានធ្វើការបរិច្ចាគប្រាក់ប្រមាណ ១៣៥,៤០០ដុល្លារអាមេរិក ដើម្បីសម្រាលការខ្វះខាត ដែលប្រជាជនកូរ៉េកំពុងប្រឈម។

តារាប្រុសរូបនេះសង្ឃឹមថា ទឹកប្រាក់បរិច្ចាគទាំងនេះ នឹងជាផ្នែកមួយជួយសម្រាលបន្ទុកដល់អ្នកដែលខ្វះខាត និងកំពុងមានវិបត្តិហិរញ្ញវត្ថុ។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងប្រុស J-Hope បានធ្វើការបរិច្ចាគបែបនេះ ពោលគឺកាលពីឆ្នាំ២០១៨ លោកបានបរិច្ចាគប្រាក់ចំនួន ១៥០លានវ៉ុន ដើម្បីជួយដល់កុមារ, ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានបរិច្ចាគប្រាក់ ១០០លានវ៉ុន សម្រាប់ការផ្តល់អាហារូបករណ៍ និងក្រោយមកបានបរិច្ចាគ១០០លានវ៉ុនទៀតក្នុងខែធ្នូ ដើម្បីជួយដល់កុមារ។ ជាពិសេសក្នុងឆ្នាំ២០២០ កន្លងទៅនេះ លោកបានបរិច្ចាគចំនួន ១០០លានវ៉ុនទៀត ជួយដល់កុមារមកពីគ្រួសារដែលមានចំណូលទាប ដែលកំពុងតស៊ូនឹងវិបត្តិកូវីដ១៩ផងដែរ៕