(អាមេរិក)៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Apple គ្រោងនឹងផលិត iPhone ដែលមាន អេក្រង់ ជា ប្រភេទ Foldable ឬហៅថា អេក្រង់បត់ ដោយឡែកនៅពេលនេះ មានសេចក្តីរាយការណ៍ថ្មីមួយមកថា LG Display ជាអ្នកទទួល បន្ទុក ផលិត អេក្រង់នេះឱ្យ Apple។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន DigiTimes និង Mac Rumors នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple បានជ្រើសរើស ក្រុមហ៊ុន LG ជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ Foldable ឬអេក្រង់បត់សម្រាប់ iPhone ជំនាន់ថ្មី ដែលនឹងគ្រោង ចេញ ឆាប់ៗខាងមុខនេះ។

ប្រភពដែលជិតស្និទបានបង្ហើបឱ្យដឹងថា កន្លងមក LG និង Samsung គឺជា អ្នកផ្តត់ផ្គង់បន្ទះអេក្រង់ឱ្យ Apple ប៉ុន្តែមិនដឹងថា អេក្រង់បត់នេះ មានតែ LG ជាអ្នកផ្គត់ផ្គង់តែឯង ឬមានវត្តមានក្រុមហ៊ុន Samsung ចូលរួមដែរ ព្រោះថា LG អាចនឹងជួបបញ្ហាក្នុងការផលិតបន្ទះអេក្រង់នេះ ដោយសារតែវាថ្មី និងច្រើនសន្ធឹក។

បើយោងតាមដំណឹងចុងក្រោយបានឱ្យដឹងថា Apple គ្រោងនឹងដាក់បង្ហាញ iPhone អេក្រង់ Foldable នៅឆ្នាំ២០២៣ ជាមួយនឹងទំហំអេក្រង់ ៧អ៊ីង ជាប្រភេទ OLED និងអាចប្រើប្រាស់ ប៊ិច Apple Pencil បានទៀតផង ខណៈដែលក្រុមហ៊ុន Apple បានសិក្សា ពីគម្រោងអេក្រង់ Foldable តាំងពីឆ្នាំ២០១៦៕