(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានប្រកាសនាំចូលកីឡាករបរទេសម្នាក់ទៀតហើយ គឺកីឡាករ Leuca Petru អតីតខ្សែប្រយុទ្ធជម្រើសជាតិសាធារណរដ្ឋម៉ុលដាវី (Moldova) ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលគ្រោងបើកការប្រកួតនារដូវកាលថ្មីនាដើមខែមីនាខាងមុខ។

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមលោក មាស ចាន់ណា នេះ មានវ័យ ៣១ឆ្នាំ និងកម្ពស់ ១,៩៣ម៉ែត្រ ដែលជាខ្សែប្រយុទ្ធមានបទពិសោធជោគជ័យ ដោយធ្លាប់លេងឲ្យក្លិបជាច្រើននៅប្រទេសកំណើត និងតំបន់អឺរ៉ុប ពិសេសរូបគេ ក៏ជាអតីតសមាជិកក្រុមជម្រើសជាតិយុវជន U16, U17, U19, U21 រហូតដល់ក្រុមធំ នៃសាធារដ្ឋម៉ុលដាវី ទៀតផង។

Leuca Petru គឺជាកីឡាករបរទេសទី៤ ដែលក្លិបណាណាហ្គាវើលដ៏ បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបានចុះកុងត្រាជាមួយអតីតខ្សែការពារក្លិប Ceres-Negros កីឡាករ Manuel Herrera Lopez ហៅ Super, កីឡាករជប៉ុន Fumiya Kogure ដែលផ្ទេរមកពីក្លិបសូលទីឡូអង្គរ និងបន្ដកុងត្រាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marcio កាលពីថ្មីៗ។

តាមរយៈការនាំចូលកីឡាករបរទេសកម្រិតអន្ដរជាតិនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការត្រៀមជើងព្រួលរបស់អតីតក្រុមជើងឯកឆ្នាំ២០១៨ ដ្បិតធនធានកីឡាករក្នុងស្រុក ក៏មិនធម្មតាដែរ។ ដូច្នេះគេរំពឹងថា រដូវកាលថ្មី នៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្លិបធំៗ ដូចជាបឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ វិសាខា ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ និងអង្គរថាយហ្គឺរជាដើម...៕