(អាមេរិក)៖ ក្រុមហ៊ុន Apple ទើបតែដាក់ចេញ iPhone ប្រើ 5G កាលពីប៉ុន្មានខែមុននេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយឡែក នៅពេលនេះ មានសេចក្ដីរាយការណ៍មកថា Apple បានជួលវិស្វករជំនាញៗជាច្រើនរូបឱ្យបង្កើតបច្ចេកវិទ្យា 6G និងជាការបោះជំហាន មួយ មុនគេទៅលើបច្ចេកវិទ្យា 6G។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ថា នៅសប្ដាហ៍នេះក្រុមហ៊ុន Apple បាន ប្រកាសជ្រើសរើសវិស្វករជាច្រើនរូប ដើម្បីចូលរួមការងារលើបច្ចេកវិទ្យា 5G និង 6G ដោយក្នុងនោះទីតាំងកន្លែងធ្វើការគឺនៅការិយាល័យ កណ្ដាលរបស់ Apple។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Apple បានចូលរួមនៅក្នុងសមាគមន៍អ្នកអភិវឌ្ឍន៍ បច្ចេកវិទ្យា 6G និងបច្ចេកវិទ្យាជំនាន់ថ្មី ដោយក្នុងនោះ 6G ត្រូវបានគេដឹងថា មានល្បឿនលឿនជាង 5G រហូតដល់ ១០០ដង ខណៈដែលចិន និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត គ្រោងនឹងដាក់ឱ្យប្រើ 6G នៅក្នុងឆ្នាំនេះ៕