(តូរីន)៖ ក្លិបបិសាចក្រហម Manchester United បាននាំមុខក្រុម Real Sociedad ៤-០ ពីការប្រកួតជើងទី១ នៃពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League ខណៈខ្សែបម្រើប្រយុទ្ធ Bruno Fernandes រកបាន ២គ្រាប់ផងដែរ នាំឲ្យក្លិបដឹកនាំដោយលោក Ole Solskjaer មានភាគរយច្រើនឡើងវគ្គ ១៦ក្រុមបន្តទៀតក្នុងរដូវកាលនេះ។

ការប្រកួតដែលបានធ្វើឡើងនៅទីក្រុងតូរីន ប្រទេសអ៉ីតាលី ក្នុងកីឡដ្ឋាន Allianz របស់ក្លិប Juventus ជាទឹកដីកណ្តាលរវាងក្រុម Man Utd អាចរកបាន ៤គ្រាប់សម្រាប់ការប្រកួតជើងទី១ ពីការធ្វើបានសម្រេចសំណាក់កីឡាករខ្សែបម្រើឆ្នើម Bruno Fernandes ចំនួន ២គ្រាប់ម្នាក់ឯងនៅនាទី២៦ និងនាទី៥៦ ពីការបន្ថែមបាន ២គ្រាប់ទៀតរបស់មិត្តរួមក្រុម Marcus Rashford និង Daniel James។

ក្រុមទាំងពីរនឹងបន្តប្រជែងគ្នានៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះជាបន្តទៀតសម្រាប់ជើងទី២ ខណៈកាលពីរដូវកាលមុនក្រុមបិសាចក្រហម Man Utd បានខកចិត្តឡើងវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមអេស្ប៉ាញ Sevilla នៃវគ្គ ៤ក្រុមចុងក្រោយ នៅពេល Sevilla ជាក្រុមជើងឯករដូវកាលមុន៕