(ភ្នំពេញ)៖ តារាសម្ដែងកំពុងមានប្រជាប្រិយភាព ក្នុងស្រទាប់យុវវ័យលោក ប្រុស ខួច ឈានចូលមកដល់ដើមឆ្នាំ១០២១នេះ លោកហាក់បីដូចជាកាក់កបនឹងការងារសិល្បៈឡើងវិញ ដោយមានឱកាស គ្រងបានតំណែងជាតួឯកជាបន្តបន្ទាប់។ ជាស្ដែងនៅថ្ងៃនេះលោកស្រាប់តែក្ដាប់បានតំណែជាតួឯកថ្មី ក្នុងរឿងភាគបែបបុរាណ ខ្នាតធំលើកដំបូងក្នុងជីវិតជាតារាសម្ដែង គឺរឿង «មរណមាតា» ដោយត្រូវសម្ដែងប៉ះគ្នាជាមួយស្រីស្អាត ចែ ឡេង ខណៈអ្នកទាំងពីរត្រូវឆ្លងកាត់បទពិសោធនេះ លើកដំបូងដូចគ្នា។

តារាសម្ដែងប្រុសខួច បានថ្លែងប្រាប់ Fresh News Plus ក្នុងឱកាស រៀបចំពិធីក្រុងពាលីភាពយន្តខ្នាតធំនៅព្រឹក មិញនេះថា ជាការពិតលោកបានឈានជើងចូលក្នុងវិស័យសិល្បៈសម្ដែង អស់រយៈពេលជាច្រើឆ្នាំមកហើយ និងទទួលបានតំណែងសម្ដែងជាតួអង្គឯកជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់រឿង «មរណមាតា» នៅពេលនេះគឺជាលើកទី១ ក្នុងជីវិតរបស់លោក ដែលសម្ដែងជាតួអង្គបុរាណ។ ប្រុសខួច បន្តថា កន្លងមកលោកធ្លាប់តែបានទស្សនារឿងបុរាណ និងការសម្ដែងរបស់រៀមច្បង ក្នុងឈុតបុរាណ តែពេលនេះមកប៉ះលើរូបលោកផ្ទាល់ ជាហេតុធ្វើឲ្យលោកត្រូវខិតខំប្រឹងប្រែង និងក្លាយជាបទពិសោធថ្មីមួយ សម្រាប់ជីវិតជាតារាសម្ដែង ក្នុងវិស័យភាពយន្ត។ «បាទបង..! នេះជាលើកទី១ហើយ ដែលខ្ញុំសម្ដែងជាអង្គស្ដេចបុរាណ តាមការពិតខ្ញុំមានបំណងចង់សម្ដែងជាតួអង្គបុរាណយូរមកហើយ ប៉ុន្តែគ្មានឱកាស។ ខ្ញុំមានអារម្មណ៍ថា ភ័យអៗពេលស្លៀកពាក់ឈុតបុរាណ ព្រោះមិនធ្លាប់បានស្លៀក។ ទោះបីជាលើកដំបូងក្ដី ប៉ុន្តែខ្ញុំតាំងចិត្តថា នឹងធ្វើឲ្យបានល្អ ស្របទៅតាមអ្នកដឹកនាំសម្ដែង និងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ»។ តារាសម្ដែង ប្រុសខួច ថ្លែងបញ្ជាក់បន្ថែម។

ដោយឡែក សម្រាប់ស្រីស្អាត ចែ ឡេង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា រូបនាងទទួលបានតំណែងសម្ដែង ជាតួអង្គបុរាណនេះលើកដំបូងដូចគ្នា ហើយប៉ះជាមួយប្រុសខួច ក៏ជាលើកទី១ដែរ។ អ្វីដែលនាងគិតថា លំបាកបំផុតចំពោះរូបនាងក្នុងការសម្ដែង គឺការឡើងទៅកាន់ទីខ្ពង់ ពិសេសក្នុងឈុតត្រូវឡើងជិះលើខ្នងដំរី ព្រោះនាងមិនដែលបានជិះដំរីនោះទេ ធ្វើឲ្យនាងមានអារម្មណ៍ថា ភ័យ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថានីយទូរទស្សន៍ភីអិនអិន ខាងផ្នែកកម្មវិធីភាពយន្តកម្សាន្ត បានរៀបចំពិធីក្រុងពាលីរឿងភាគខ្មែរខ្នាតធំមួយ ប្រចាំឆ្នាំ ២០២១ មានចំណងជើងថា «មរណមាតា» ត្រូវបានផលិតឡើងដោយបានសហការគ្នា ជាមួយនឹងផលិតកម្ម ភូមិពេជ្រ ប្រូដាក់សិន (Phum Pich Production)។ ជាមួយគ្នានឹងពិធីក្រុងពាលីរឿងភាគខ្មែរនេះ ត្រូវបានរៀបចំឡើងជាពិសេស ក្នុងនោះ ក៏មានវត្តមានសត្វដំរីដ៏ធំចំនួន២ ចូលរួមផងដែរ។

កន្លងមកភីអិនអិន តែងតែលើកតម្កើងនូវស្នាដៃតែងនិពន្ធនៅក្នុងស្រុក ក៏ដូចជាគាស់កកាយនូវសាច់រឿងបុរាណខ្មែរ យកមកផលិតឡើងវិញ។ រឿង «មរណមាតា» គឺរឿងមួយក្នុងចំណោមរឿងបុរាណផ្សេងទៀត ដែលភីអិនអិនបានទទួលសិទ្ធិផលិត ជាភាពយន្តភាគពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០២០។ រឿង «មរណមាតា» គឺធ្លាប់បានផលិតជារឿងដុំ ដោយផលិតករក្នុងស្រុកដ៏ល្បីឈ្មោះ និងទទួលប្រជាប្រិយភាពយ៉ាងខ្លាំង កាលពីជំនាន់មុន ហើយនេះជាលើកទី១ ដែលរឿងត្រូវបានកម្លាយផលិតជារឿងភាគទូរទស្សន៍។

តារាសម្តែងល្បីៗប្រចាំប្រទេសកម្ពុជា បានចូលរួមសម្ដែងក្នុងរឿងនេះរួមមាន កញ្ញា ចែ ឡេង (តួឯកស្រី), លោក ប្រុស ខួច (តួឯកប្រុស), កញ្ញា និមល (តួអង្គនាងកាឡី), កញ្ញា ចែ ហ្វា (តួអង្គ នាង ចាន់តី), កញ្ញា ពី យ៉ាពីន (តួអង្គស្រីស្នំ), អ្នកស្រី ស្វែង សុជាតា (មេធ្មប់), លោក ទេព រិនដារ៉ូ (មេស្រុក), កញ្ញា យូ ណា (នាងកុល កេសី ម្តាយមរណមាតា), លោក ឡេង ឧត្តម (មន្ត្រីទីប្រឹក្សាព្រះរាជា), លោក យុទ្ធ (តួអង្គ មេទ័ព), អ្នកស្រី សក្កណា (ម្តាយ កុដុម្ពី) និងវត្តមានតារាៗជាច្រើនដួងទៀត៕