(ភ្នំពេញ)៖ លោក អ៊ួន បឋម ហៅ សាយ បានទម្លាយអាថ៌កំបាំងធំមួយក្នុងបេសកកម្ម «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ឬ Run With SAI» ទូទាំងប្រទេសកម្ពុជា ដែលទើបបញ្ចប់កាលពីថ្មីៗ ដោយលោកបញ្ជាក់ថា ជារឿងប្រឈមនឹងការស្លាប់ ដែលលោករត់លើសដែនកំណត់របស់មនុស្សបែបនេះ ស្របពេលមានអ្នកចូលរួមរត់ជាមួយលោកខ្លះបានសន្លប់ រហូតឈានដឹកទៅធ្វើការសង្គ្រោះបន្ទាប់ទៀតផង។

លោក សាយ បានទម្លាយអាថ៌កំបាំងនេះនៅក្នុងសន្និសន្និសីទសារព័ត៌មាន ស្ដីពីការចាក់ផ្សាយកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ខណៈសកម្មភាព នៃបេសកកម្មមនុស្សធម៌រយៈពេល ៩៧ថ្ងៃដោយឆ្លងកាត់ ២១ខេត្ត-ក្រុងលើចម្ងាយផ្លូវ ២,៤០៨គីឡូម៉ែត្ររបស់បុរសវ័យ ៣០ឆ្នាំរូបនេះនឹងធ្វើការចាក់ផ្សាយឡើងវិញ នាដើមខែមីនា រហូតដល់ចុងខែមេសាខាងមុខ លើកញ្ចក់ទូរទស្សន៍ MYTV។

ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ តារាចម្រៀង Original song ដែលនិយមលេងកីឡារត់នេះ បានទម្លាយការពិតថា «មានខេត្តខ្លះ មានប្អូនៗកីឡាករ គាត់ទៅរត់ជាមួយខ្ញុំ គាត់សន្លប់ ហើយយើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ (សង្គ្រោះបន្ទាន់) គឺច្រើនមែនទែន ហើយនៅសៀមរាប ក៏មិនតិចអ្នកដែរ។ យើងមិនមែនបិទបាំងព័ត៌មានទេ តែយើងខ្លាចថា ប្រាប់ភ្លាមៗពេលហ្នឹង អាចនាំឲ្យមានការឆោឡោ ចឹងទាំងខ្ញុំ និងក្រុមការងារ តែងតែងប្រាប់អ្នកចូលរួមឲ្យគាត់ប្រមាណខ្លួនឯង ព្រោះការរត់មិនមែនជារឿងសាមញ្ញនោះទេ»។

ពាក់ព័ន្ធរឿងប្រឈមនឹងការស្លាប់វិញ សាយ បន្ដថា «យើងជាជនជាតិខ្មែរ ក៏អាចធ្វើអ្វីបាន ដែលផុតពីដែនកំណត់របស់យើង ព្រោះពេលដែលខ្ញុំបានពិភាក្សាជាមួយបងៗ ទាំងកីឡាករផ្សេងៗ គាត់ថា បើយើងរត់ដល់ប៉ុណ្ណឹង គឺយើងប្រឈមនឹងការស្លាប់ ដោយសារតែវាលើសពីដែនកំណត់រាងកាយរបស់មនុស្ស។ តែពេលខ្ញុំសិក្សានៅបរទេស គឺគេធ្វើបាន ចឹងហើយខ្ញុំក៏ចង់បង្ហាញទៅយុវជនខ្មែរដែលថា បើសិនជាយើងក្លាហាន យើងហ៊ានក្នុងការគិត យើងហ៊ានក្នុងការចាប់ផ្ដើម យើងសាកធ្វើមើល។ សម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំមិនគិតថា អាចធ្វើបានជោគជ័យដែរ តែខ្ញុំជាមនុស្សម្នាក់ ដែលហ៊ានសម្រេចចិត្តក្នុងការធ្វើអ្វីមួយ...»

សាយ បានរំឭកថា ការលះបង់គ្រប់បែបយ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត សូម្បីជីវិតនេះ ផ្ដើមចេញពីទឹកចិត្តចង់ជួយសង្គម ពិសេសការចង់ជួយសង្គ្រោះកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យកុមារផ្សេងៗ។ ហេតុនេះ ទើបលោកសម្រេចចិត្តជម្នះគ្រប់ឧបសគ្គ ដើម្បីរៀបចំកម្មវិធី Run With SAI នេះឡើង ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមានការគាំទ្រពេញទំហឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា រហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលជំរុញឲ្យបេសកកម្មមនុស្សធម៌នេះ បញ្ចប់ដោយជោគជ័យ។ ម្យ៉ាងលោកក៏ចង់ជំរុញឲ្យយុវជនចូលរួមលេងកីឡា និងចូលរួមការងារសង្គមផងដែរ។

សូមបញ្ជាក់ថា លោក អ៊ួន បឋម ហៅ សាយ បានចាប់ផ្ដើមរត់ពីរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់អាយុ ៣០ឆ្នាំរបស់លោក រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយក្នុងមួយថ្ងៃលោករត់ប្រមាណ ៤០គីឡូម៉ែត្រ សរុបរយៈពេល ៩៧ថ្ងៃ លោករត់បាន ២,៤០៨គីឡូម៉ែត្រ និងរៃអង្គាសថវិកាបានសរុបប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ជាមួយការលះបង់របស់យុវជនរូបនេះ សាយ ក៏ទទួលពានរង្វាន់វីរៈយុវជនឆ្នាំ២០២០ ពីសមាគមអន្ដរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាពផងដែរ៕