(ភ្នំពេញ)៖ តារាសម្ដែងភាពយន្តវ័យក្មេង កំពុងល្បីក្នុងស្រទាប់យុវវ័យ ស្រីស្អាត អ៊ូ ម៉ីនាង បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិជិតស្និទ្ធ ទាំងក្នុងនិងក្រៅមជ្ឈដ្ឋានសិល្បៈ មានអារម្មណ៍ជ្រួលច្របល់ អន្ទះសារចង់ដឹងអ្នកពិសេសរបស់នាង ខណៈដែលនាងព្យាយាមលាក់បាំង ទោះបីជានៅក្នុងថ្ងៃពិសេសរបស់ខ្លួន ក៏មិនបង្ហើបឲ្យដឹងឡើយ។
ជាក់ស្ដែងនៅ ក្នុងពិធីធ្វើខួបកំណើត របស់ អ៊ូ ម៉ីនាង នៅគេហដ្ឋានក្រុងភ្នំពេញនាយប់មិញនេះ មានមិត្តភក្តិរួមអាជីពខ្លះបានចូលរួមក្នុងពិធីនេះ បែរជាជ្រួលច្របល់ ដោយចង់ដឹងចម្លើយមុនពីអ្នកពិសេសរបស់នាង ប៉ុន្តែត្រូវបានតារាសម្ដែង អ៊ូ ម៉ីនាង ប្រាប់ថា មិនទាន់ហ៊ានប្រាប់។
ថ្លែងប្រាប់ Fresh News Plus តារាសម្ដែងវ័យក្មេង អ៊ូ ម៉ីនាង បានប្រាប់ថា តាមការពិតទៅនាងមិនទាន់មាន អ្នកពិសេសអ្វីឡើយ ហើយបើមានក៏មិនហ៊ានប្រាប់ដែរ ព្រោះតែនាងមិនទាន់គិតគូ និងចង់យកពេលវេលាសាងកេរ្តិ៍ឈ្មោះ ក្នុងការងារសិល្បៈឲ្យល្បីល្បាញជាងនេះបន្ថែមទៀតសិន។ ម្យ៉ាងទៀត គ្រួសារបស់នាង ក៏មិនចង់ឲ្យនាងឆាប់ប្រឡូក ក្នុងរឿងរ៉ាវស្នេហានោះដែរ ព្រោះតែវ័យនៅក្មេង។
អ៊ូ ម៉ីនាង និយាយថា «ច៎ាបង..! ពាក្យដែលខ្ញុំថាមិនទាន់ប្រាប់ គឺខ្ញុំចង់ដឹងចំនួនមិត្តភក្កិ ដែលមកចូលរួមថ្ងៃនេះ មានប៉ុន្មាននាក់ ហើយមិនមែនពាក្យអធិដ្ឋាននាះ ដើម្បីគិតគូរពីរឿងសង្សារនោះទេ។ រឿងដែលខ្ញុំគិតគូនោះ គឺកិត្តិយស និងភាពល្បីល្បាញសិន ទើបខ្ញុំគិតរឿងស្នេហាជាក្រោយ ពេលនេះខ្ញុំមិនទាន់គិតឡើយ ហើយក៏មិនទាន់ដល់ពេលចំបាច់ត្រូវបង្ហើប ឲ្យមិត្តទាំងអស់ដឹងដែរ»។
ងាកមកការងារសិល្បៈវិញ តារាសម្ដែង អ៊ូ ម៉ីនាង បានរំឭកឲ្យដឹងថា ទាក់ទងរឿងដែលនាងកំពុងថតសព្វថ្ងៃ គឺ រឿង «បំណុលឈាមឪពុក» បង្ហាត់បង្ហាញផ្ទាល់ដោយលោកគ្រូ រតនា ហើយពេលនេះ នាងកាន់តែមានការរីកលូតលាស់ បោះជំហានទៅមុខផ្នែកសម្ដែង។ ចំណែកទេពកោសល្យសម្ដែងវិញ ក៏កាន់តែរីកចម្រើនទៅមុខជាលំដាប់។ ធម្មតាទេការថតភាពយន្ត តែងតែមានលក្ខណៈលំបាកខ្លះ ហើយ តែដោយសារក្ដីប្រាថ្នាស្រឡាញ់វិស័យសិល្បៈ នាងនឹងព្យាយាមជានិច្ច ដើម្បីឲ្យសិល្បៈឈានទៅមុខ រួមទាំងការកសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញទៀតផង។
សូមបញ្ជាក់ថា តារាសម្ដែង អ៊ូ ម៉ីនាង ធ្វើខួបកំណើតអាយុគំរប់ ១៦ឆ្នាំហើយ នាងចូលប្រឡូកសិល្បៈបានជាង ៣ឆ្នាំ។ នាងមានស្រុកកំណើត នៅស្រុកស្រែអំបិល ខេត្តកោះកុង នាងមករស់នៅជាមួយបងប្អូនឯភ្នំពេញ ដើម្បីបន្តការសិក្សានៅសាលា «អារីសូន» ជំនាញអង់គ្លេស និងចំណេះដឹងទូទៅ ថ្នាក់ទី១០។ ពេលនេះនាងកំពុងមានសន្ទុះ លើអាជីពទាំងការសម្ដែងភាពយន្ត ដែលកំពុងថតរឿង ជាបន្តបន្ទាប់ឲ្យផលិតកម្ម «រតនាភាពយន្ត»។ ក្នុងនោះមានដូចជា រឿង «កំហុសអ្នកណា» រឿង «បំណុលឈាមឪពុក» និងរឿង «គ្រូចិញ្ចឹមខ្មោច»៕